ឯកឧត្តម ឃឹង នុភាព និងលោកជំទាវនាំយកទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួន៤ ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ
AKP កំពង់ធំ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ -- ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កាលពីពេលថ្មីកន្លងទៅនេះ ឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោល និងលោកជំទាវ អាន សុភី បាននាំយកនូវទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្តស្ថិតក្នុងឃុំគោលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះឯកឧត្តម ឃឹង នុភាពបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាជន។

ជាមួយគ្នានេះដែរឯកឧត្តម ឃឹង នុភាពបានផ្ដាំផ្ញើដល់ឪពុកម្ដាយ អាណាព្យាបាល សូមមើលថែកូនចៅ ព្រោះជារដូវទឹកឡើងដែលងាយនឹងបង្កគ្រោះថ្នាក់ដល់កុមារតូចៗនិងចូលរួមថែរក្សាសុខភាពដើម្បីចៀសពីជំងឺតម្កាត់នានា ជាពិសេសជំងឺគ្រុនឈាម។
ឯកឧត្តម ឃឹង នុភាពនិងលោកជំទាវ សូមឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការរីជនញាតិការទាំង៧សណ្ដានដែលបានចែកឋានទៅកាន់លោកខាងមុខព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានពលីដើម្បីការការពារជាតិមាតុភូមិ៕
ដោយ ស៊ុម វណ្ណា





