បទយកការណ៍៖ ព្រះសង្ឃថែរក្សាវប្បធម៌ចែករំលែកដល់បរិស័ទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យទានផ្សេងៗ
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ -- បុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាពេលវេលានៃការធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅនោះទេ ប៉ុន្តែថែមទាំងជាឱកាសយ៉ាងថ្លៃថ្លាក្នុងការស្តែងចេញនូវស្មារតីចែករំលែក សុចរិតធម៌ និងការសង្គ្រោះគ្នានៅក្នុងសង្គម។

នៅរៀងរាល់ព្រឹកនៃវេនបិណ្ឌ បន្ទាប់ពីព្រះសង្ឃឆាន់បបររួច សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានស្នើឱ្យចុងភៅរៀបចំធ្វើបបរមួយខ្ទះដោយឡែក ដើម្បីធ្វើជាទានចែកជូនដល់អ្នកជំងឺ និងអាណាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទី២។
នៅក្នុងកិច្ចសម្ភាសន៍ស្តីពីសកម្មភាពមនុស្សធម៌នេះ ព្រះវិជ្ជាកោវិទ សាន ភារ៉េត បានមានថេរដីកាអំពីសកម្មភាពរបស់ព្រះសង្ឃវត្តបទុមវតីរាជវរារាម ក្នុងការនាំយកបបរ(យាគូ)ទៅចែកជូនប្រជាពលរដ្ឋដោយផ្ទាល់។ ជាក់ស្តែង នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងវេនបិណ្ឌទី៩ កន្លងទៅ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានចាត់ព្រះសង្ឃយកបបរយាគូទៅចែកជូនដល់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋប្រុស ស្រី ដែលកំពុងនាំកូនៗមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទី២ (ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ប្រកបដោយទឹកមុខញញឹមញញែម និងសទ្ធាជ្រះថ្លា។

ជាមួយគ្នានេះ ព្រះសង្ឃ និងគណៈកម្មការវត្តបានសម្តែងនូវបំណងប្រាថ្នាយ៉ាងមុតមាំក្នុងការចែករំលែកសេចក្តីសុខ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទ ដែលភាគច្រើនបានធ្វើដំណើរមកពីស្រុកស្រែជនបទដាច់ស្រយាល។ ការនាំយកកូនចៅមកព្យាបាលជំងឺនៅរាជធានីភ្នំពេញធ្វើឱ្យពួកគាត់ជួបការខ្វះខាត និងត្រូវការម្ហូបអាហារចាំបាច់ប្រចាំថ្ងៃ។
ក្នុងឱកាសនោះ ព្រះសង្ឃក៏បានផ្តល់ពរជ័យ និងជូនពរឱ្យកុមារតូចៗដែលកំពុងសម្រាកព្យាបាល ឆាប់បានជាសះស្បើយពីរោគាទាំងឡាយទាំងពួង និងសមប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្រៅពីការចែករំលែកដល់អ្នកជំងឺនៅមន្ទីរពេទ្យ ស្មារតីនៃការចែករំលែកនេះបានលាតសន្ធឹងយ៉ាងទូលំទូលាយនៅក្នុងវត្ត ក្នុងនោះ សិស្ស-និស្សិត អ្នកការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រុមជាងធ្វើការងារក្នុងវត្ត ព្រមទាំងអ្នកដំណើរ ចាស់ជរាកម្សត់ទុរគតដែលមកជួយធ្វើការងារវត្ត ក៏ទទួលបានបបរហូបឆ្អែតស្ទើររៀងរាល់ថ្ងៃផងដែរ។

ទន្ទឹមនឹងនេះដែរ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះប្រធានអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ក៏បានរៀបចំពិធីចម្អិនអាហារចែកជូនដល់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានាក្នុងខេត្តបាត់ដំបងផងដែរ។
ទាក់ទងនឹងសកម្មភាពប្រពៃណីនៃការចែកទាននេះ មិនមែនកើតឡើងតែនៅវត្តបទុមវតី ឬនៅខេត្តបាត់ដំបងប៉ុណ្ណោះទេ ព្រះគ្រូធម្មពុទ្ធិសេនា សិម សុឈុំ ហៅ (សុវណ្ណសាម) ព្រះគ្រូវិន័យធរវត្តមង្គលវ័ន (ហៅស្វាយដង្គុំ) សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏បានរៀបចំការចែកទានជាម្ហូបអាហារដល់ស្មុំយាចក និងអ្នកខ្វះខាតនៅក្នុងឱកាសវេនបិណ្ឌដូចគ្នា។
ក្នុងសកម្មភាពដ៏ប្រពៃនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ជាក់ស្តែង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ទាង អេង ទៀសីហា ព្រមទាំងបុត្រាបុត្រី និងសហការី បានចូលរួមចំណែកយ៉ាងជ្រះថ្លាក្នុងសកម្មភាពសប្បុរសធម៌នេះតាមរយៈវត្តបទុមវតីរាជវរារាម ផងដែរ។
ពាក់ព័ន្ធនឹងប្រពៃណីដ៏ល្អផូរផង់នេះ ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធម្មការនិងសាសនា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)ឱ្យដឹងថា សកម្មភាពរបស់ព្រះសង្ឃដែលបានចែករំលែកទានជាបបរ បាយ និងទឹក នៅតាមមន្ទីរពេទ្យ ឬទីសាធារណៈនានា គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់នៃការរួមរស់រវាងព្រះពុទ្ធសាសនា និងសង្គមជាតិខ្មែរ។ ឯកឧត្ដមបានគូសបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះបានបង្ហាញពីការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅលើចំណុចសំខាន់ៗដូចជា៖ ការអនុវត្តជាក់ស្តែងនៃធម៌ «មេត្តា ករុណា និងសង្គហធម៌»ពោលគឺការលះបង់ និងការចែករំលែកក្នុងព្រះពុទ្ធសាសនា មិនមែនត្រឹមតែតាមរយៈការទូន្មានប្រដៅប៉ុណ្ណោះទេ ប៉ុន្តែស្តែងឡើងតាមរយៈសកម្មភាពជាក់ស្តែង។
លើសពីនេះទៅទៀត ការចែកទាននេះបង្ហាញពី «ទានបារមី» និង «ករុណាធម៌» គឺការឈឺឆ្អាលចំពោះទុក្ខលំបាករបស់អ្នកដទៃ ដោយប្រតិបត្តិនូវសង្គហធម៌(ធម៌សង្រ្គោះ)ទាំង៤ ដែលស្របនឹងគោលការណ៍សង្គហវត្ថុ (ធម៌រាប់អាន ឬការសង្គ្រោះ) ជាពិសេសគឺ «ទាន» (ការកែប្រែការខ្វះខាត) ដែលជួយបង្រួបបង្រួមចិត្តមនុស្សក្នុងសង្គមឱ្យមានភាពកក់ក្តៅ។
ជារួម ឯកឧត្តម ឆាត សុឆេត បានគូសបញ្ជាក់បន្ថែមថា៖ «សកម្មភាពទាំងនេះមិនត្រឹមតែជាការថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ប្រពៃក្នុងការបង្កើតនូវសង្គមមួយដែលមានការអាណិតអាសូរ ការចែករំលែក និងការជួយយកអាសាគ្នានៅក្នុងគ្រាលំបាក»៕
ដោយ៖ គង់ សិរីរ័ត្ន





