មូលនិធិ SDF និងក្រុមហ៊ុន Grab រួមគ្នាពង្រឹងជំនាញឌីជីថល ក្រោមកម្មវិធី iLead
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦-- ដើម្បីពង្រឹងសមត្ថភាពលើកកម្ពស់គុណភាពសេវាកម្ម និងជំរុញការប្រើប្រាស់ បញ្ញាសិប្បនិម្មិត មូលនិធិអភិវឌ្ឍន៍ជំនាញ SDF នៃក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន Grab Cambodia បានចាប់ផ្តើមអនុវត្តកិច្ចសហការជាផ្លូវការ ក្រោមកម្មវិធីមេដឹកនាំឧស្សាហកម្ម (iLead) តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ឧត្តមភាពអ្នកបើកបរ សេវាកម្មអតិថិជន និងជំនាញឌីជីថល» ជូនដល់ដៃគូបើកបរ Grab ចំនួន ២៥ នាក់ នៅការិយាល័យ Grab ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។

ក្រោមការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ SDF ក្រុមហ៊ុន Grab Cambodia គ្រោងនឹងរៀបចំការបណ្តុះបណ្តាលដល់សិក្ខាកាមសរុបប្រមាណ ១ ៩៥០ នាក់ក្នុងរាជធានីភ្នំពេញ ត្រឹមខែធ្នូ ឆ្នាំ ២០២៦ រួមមានការបណ្តុះបណ្តាលផ្ទាល់ដល់សិក្ខាកាម៣៥០នាក់ ជាអ្នកបើកបរ៣០០ នាក់ និងដៃគូអាជីវកម្មម្ហូបអាហារ៥០នាក់ លើការថែទាំយានយន្ត សេវាកម្មអតិថិជន ភាសាបរទេស ជំនាញឌីជីថល អនាម័យ និងសុវត្ថិភាពផ្ទះបាយ។

ក្រៅពីនេះក៏មានការបណ្តុះបណ្តាលតាមថ្នាលឌីជីថល GrabAcademy ដល់សិក្ខាកាម ១ ៦០០នាក់ ដល់អ្នកបើកបរ ១ ០០០នាក់ និងដៃគូអាជីវកម្ម ៦០០នាក់ លើការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងអាជីវកម្ម។ គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ SDF ក្នុងការសហការជាមួយក្រុមហ៊ុនឈានមុខក្នុងវិស័យឯកជន ដើម្បីផ្ទេរជំនាញ និងបច្ចេកវិទ្យាទៅកាន់សហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងកម្លាំងពលកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ស្តង់ដាសុវត្ថិភាព បង្កើនផលិតភាព និងប្រាក់ចំណូលស្របតាមចក្ខុវិស័យ៖ «ជំនាញខ្ពស់ ចំណូលខ្ពស់!»៕
ដោយ ណយ នឿន (ប្រភព៖ SDF)





