អភិបាលស្រុកតាំងគោកចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋ៣.២៥០គ្រួសារនៅឃុំពង្រ
AKP កំពង់ធំ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ -- លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសប្បុរសធម៌របស់លោក អ៊ុង ភារម្យ និងអ្នកស្រី ខឿន ធួន ជូនដល់ប្រជាពលរដ្ឋចំនួន៣.២៥០គ្រួសារ រស់នៅក្នុងឃុំពង្រស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកអភិបាលស្រុកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អ៊ុង ភារុណ និងអ្នកស្រី ខឿន ធួន ដែលជានិច្ចកាលតែងតែចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលស្រុកតាំងគោកក្នុងការឧបត្ថម្ភគាំទ្រសម្ភារ: និងអំណោយមនុស្សធម៌នានា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពសង្គម និងជួយសម្រួលទុក្ខធុរៈប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទាន់ពេលវេលា។

លោកអភិបាលស្រុកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរឃុំពង្រ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានរួមសាមគ្គីគ្នាយ៉ាងសកម្ម រហូតទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំង "ភូមិ-ឃុំ មានសុវត្ថិភាព" លើលក្ខណៈសម្បត្តិទី៦ "អនាម័យ សោភ័ណភាពនិងបរិស្ថានល្អ" ប្រចាំឆ្នាំ២០២៦។ សមិទ្ធផលដ៏ថ្លៃថ្លានេះបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាអនាម័យតាមដងផ្លូវការរៀបចំសោភ័ណភាព បរិស្ថានស្អាត បៃតង និងការរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីលើកកម្ពស់គុណភាពជីវិតនិងការរស់នៅស្អាតក្នុងសហគមន៍។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានធ្វើការក្រើនរំលឹក និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនៃជំងឺគ្រុនឈាមដោយត្រូវរួមគ្នាធ្វើអនាម័យជុំវិញភូមិឋានលុបបំបាត់ជម្រកមូសខ្លានិងថែរក្សាសុខភាពផ្ទាល់ខ្លួនព្រមទាំងគ្រួសារឱ្យបានល្អប្រសើរជាប្រចាំ៕
ដោយ ស៊ុម វណ្ណា





