កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--នៅវិមានសន្តិភាព នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ជាការបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចធិបតី បានកោតសរសើរ និងអបអរសាទរដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះការសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៨,០២% ក្នុងឆ្នាំ២០២៥ និងអត្រា ៩,០១% ក្នុងរយៈពេល ៩ខែដើម ឆ្នាំ២០២៦ ព្រមទាំងបានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ វៀតណាមនឹងសម្រេចបាននូវកំណើនក្នុងរង្វង់២ខ្ទង់ និងឈានទៅសម្រេចបាននូវទិសដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។
ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់នូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ក៏ដូចជាជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
ប្រមុខរដ្ឋាភិបាលទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខ ជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាឆ្នាំមិត្តភាពរវាងកម្ពុជានិងវៀតណាម។ ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាយុវជននៃប្រទេសទាំងពីរ រៀបចំព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបនៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព នៃប្រទេសទាំងពីរ។
ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានឯកភាពគ្នាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ក៏ដូចជាការជំរុញ, ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ នយោបាយ, ការពារជាតិ និងសន្ដិសុខ, សេដ្ឋកិច្ច, ពាណិជ្ជកម្មនិងវិនិយោគ, កសិកម្ម, ថាមពល, អប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍, ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ក៏ដូចជាការជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាងយុវជននិងយុវជន និងរវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។
មុននឹងបញ្ចប់, សម្ដេចធិបតី ក៏បានជម្រាបជូន ឯកឧត្តម ឡេ មិញហ៊ឹង អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ, សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៦ រួមមានដូចខាងក្រោម៖
១. អនុស្សរណៈនៃការយោគយល់គ្នាវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្ដិសុខសាធារណៈនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនស្វាយរៀង
២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យអប់រំ សម្រាប់រយៈពេល ២០២៦-២០៣០
៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិរក្សនិងការផ្សព្វផ្សាយស្តូប មិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៤. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៥.អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៦.កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

ដោយ: គង់ សិរីរ័ត្ន





