ស៊ូដង់ខាងត្បូងបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺអេបូឡា ក្រោយមានករណីឆ្លងនៅប្រទេសកេនយ៉ា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ -- ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃពុធថា ប្រទេសស៊ូដង់ខាងត្បូងបានបង្កើនការត្រៀមខ្លួននិងការឃ្លាំមើលទូទាំងប្រទេសប្រឆាំងនឹងជំងឺអេបូឡា (Ebola) ដែលបង្កឡើងដោយវីរុស Bundibugyo បន្ទាប់ពីប្រទេសជិតខាងគឺកេនយ៉ា បានបញ្ជាក់ពីករណីឆ្លងមួយដែលនាំចូលមកពីខាងក្រៅ។
យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា មិនទាន់មានករណីឆ្លងណាមួយត្រូវបានរកឃើញនៅក្នុងប្រទេសនេះទេ ប៉ុន្តែប្រព័ន្ធសុខាភិបាលត្រូវបានដាក់ឱ្យស្ថិតក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់។
ក្រសួងបានបញ្ជាក់ថា ការបង្កើនកម្រិតប្រុងប្រយ័ត្ននេះ គឺជាវិធានការឆ្លើយតបជាមុនចំពោះការកើនឡើងនៃការធ្វើដំណើរក្នុងតំបន់ និងផ្លូវពាណិជ្ជកម្មសំខាន់ៗដែលតភ្ជាប់ប្រទេសស៊ូដង់ខាងត្បូង ទៅកាន់តំបន់ដែលរងផលប៉ះពាល់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ក៏ដូចជាផ្លូវឆ្លងកាត់សំខាន់ៗតាមរយៈប្រទេសកេនយ៉ា និងអ៊ូហ្គង់ដា។
លោក ដាក ឌូបប៊ីជីអូក (Dak Duop Bichiok) រដ្ឋមន្ត្រីស្តីទីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីជូបាថា៖ «ការរីករាលដាលនៃជំងឺនេះទៅដល់ប្រទេសកេនយ៉ា បានបង្កើនហានិភ័យនៃការឆ្លងឆ្លងដែនបន្ថែមទៀត និងបញ្ជាក់ពីតម្រូវការបន្ទាន់ក្នុងការបង្កើនការប្រុងប្រយ័ត្ននៅតាមច្រកចូលប្រទេស»។
ក្រសួងបានឱ្យដឹងថា ប្រទេសស៊ូដង់ខាងត្បូងបានដំណើរការឡើងវិញនូវប្រព័ន្ធត្រៀមខ្លួន និងឆ្លើយតបចំពោះជំងឺអេបូឡា ដោយមានការត្រួតពិនិត្យសុខភាពនៅតាមច្រកចូលប្រទេស តាមបណ្តោយព្រំដែនក្នុងស្រុកចំនួន ១៥ ដែលមានហានិភ័យខ្ពស់ និងនៅអាកាសយានដ្ឋានអន្តរជាតិJuba។
លោក អាដឺ ម៉ាចា អាសេក (Ader Machar Aciek) នាយកប្រតិបត្តិស្តីទីនៃវិទ្យាស្ថានសុខភាពសាធារណៈជាតិ បានប្រកាសថា ក្រុមការងារថ្នាក់ជាតិពិសេសមួយត្រូវបានបង្កើតឡើង ហើយកំពុងរៀបចំកិច្ចប្រជុំជាប្រចាំដើម្បីសម្របសម្រួលប្រតិបត្តិការត្រៀមខ្លួនដែលកំពុងបន្ត។
លោក ម៉ូសេស អនហ្គូម (Moses Ongom) មន្ត្រីទទួលបន្ទុករបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសស៊ូដង់ខាងត្បូង បាននិយាយថា ការត្រៀមខ្លួនឆ្លើយតបថ្នាក់ជាតិបានកើនឡើងយ៉ាងខ្លាំង ដោយកើនពី ២៩% ក្នុងខែឧសភា និង ៤៥% ក្នុងខែមិថុនា មកនៅត្រឹម ៦៥% នៅពេលបច្ចុប្បន្ន។
លោក អនហ្គូម បានសង្កត់ធ្ងន់ថា អង្គភាពគ្រប់គ្រងជំងឺឆ្លង និងសមត្ថភាពឆ្លើយតបត្រូវបានពង្រឹងនៅក្នុងតំបន់អាទិភាព ខណៈពេលដែលជំរុញឱ្យសហគមន៍មូលដ្ឋានរក្សាការប្រុងប្រយ័ត្ន និងរាយការណ៍ជាបន្ទាន់អំពីករណីដែលសង្ស័យថាមានការឆ្លង៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





