បទយកការណ៍៖ ពលរដ្ឋសប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាល ដែលផ្តល់រថយន្តក្រុងដឹកជញ្ជូនទៅស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ -- ឆ្នាំនេះ មិនខុសពីឆ្នាំមុនៗនោះទេ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានរៀបចំរថយន្ដក្រុងសរុប ៦០០ គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ ដោយចេញដំណើរទៅតាមគោលដៅនៃខេត្ដទាំង២៤ នៅទូទាំងប្រទេស សម្រាប់ចូលរួមកាត់បន្ថយការចំណាយថវិកាក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានកំណត់ពេលវេលាជាក់លាក់សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្ដក្រុង ដោយមិនបង់ប្រាក់ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងការធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ដ។

ដោយការផ្ដល់នូវព័ត៌មាន ក៏ដូចជាសេចក្ដីជូនដំណឹង និងការផ្សព្វផ្សាយបានច្បាស់លាស់ និងទូលំទូលាយហើយនោះ ចាប់តាំងពីព្រឹកព្រលឹមស្រាងៗ នៅចំណតរថយន្តក្រុងដែលបានបែងចែកជាខ្សែរត់ធំៗចំនួន ៦ គោលដៅ បានបើកទ្វារស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើតទាំងអស់។ ប៉ុន្ដែ អ្វីដែលសំខាន់នោះ តាមការកត់សម្គាល់ឃើញមានបងប្អូនប្រជាពលរដ្ឋ ទាំងចាស់ ទាំងក្មេង អ្នកខ្លះស្ពាយការបូប អ្នកខ្លះទៀតកាន់សម្ភារៈយួរផង លើកដាក់នៅលើស្មាផង កំពុងឈរតម្រង់ជួរយ៉ាងច្រើនកុះករ នៅក្រោមរោងដែលបានរៀបចំបានយ៉ាងត្រឹមត្រូវ ដើម្បីត្រៀមឡើងជិះរយន្ដក្រុង ទៅស្រុកកំណើតរៀងៗខ្លួន។

ដោយកំពុងតែអង្គុយរង់ចាំការចេញដំណើរនៅក្នុងរថយន្ត ក្នុងវ័យជាង៦០ ឆ្នាំ អ្នកស្រី មាស ផល្លា មានស្រុកកំណើត នៅស្រុកទ្រាំង ខេត្តតាកែវ បាននិយាយដោយសប្បាយចិត្តណាស់ថា នេះគឺជាការមកមរង់ចាំជិះរថយន្តក្រុងដែលរៀបចំដោយរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ដើម្បីធ្វើដំណើរទៅស្រុកកំណើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដោយមិនគិតថ្លៃ។ អ្នកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ឃើញថានេះជាការល្អណាស់សម្រាប់ការរៀបចំរបស់ថ្នាក់ដឹកនាំ ដឹកជញ្ជូនប្រជាពលរដ្ឋនៅរដូវភ្ជុំបិណ្ឌដោយមិនចំណាយថវិកា។ បើសិនជិះរថយន្តឈ្នួល ខ្ញុំនឹងត្រូវចំណាយអស់ថវិកា៤ម៉ឺនរៀលក្នុងមួយនាក់។ ដូច្នេះ នៅពេលបានជិះរថយន្តអត់អស់លុយខ្ញុំសប្បាយចិត្ត ដោយសាររាជរដ្ឋាភិបាលបានគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅរដូវបុណ្យទានធំៗ បែបនេះ»។

ដោយសារតែរាជរដ្ឋាភិបាលរៀបចំរថយន្ដក្រុង ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃនោះ អ្នកស្រី មាស ផល្លា បានលើកឡើងថា ចំពោះក្រុមគ្រួសារអ្នកស្រីធ្វើដំណើរទៅស្រុកកំណើតនៅរដូវបុណ្យភ្ជុំបិណ្ឌនេះច្រើននាក់ ហើយជាក់ស្ដែងនៅថ្ងៃនេះអ្នកស្រីមកជាមួយចៅៗ៣នាក់ និងនៅថ្ងៃស្អែកកូនរបស់អ្នកស្រី នឹងជិះរថយន្តក្រុងទៅស្រុកកំណើត ផងដែរ។ អ្នកស្រីបាននិយាយបញ្ជាក់ថា៖ «ថ្ងៃនេះ ខ្ញុំមកជាមួយចៅៗ២នាក់ ដូច្នេះការជិះរថយន្តក្រុងមិនអស់ថ្លៃ ហើយ ខ្ញុំសល់លុយទិញសម្ភារៈ ឬឥវ៉ាន់ផ្ញើអ្នកផ្ទះ ។ ក្នុងម្នាក់យើងចំណាយ៤ម៉ឺនរៀល យើងពិបាករកលុយ ដូច្នេះ ខ្ញុំសប្បាយចិត្តដែលរាជរដ្ឋាភិបាលរៀបចំបែបនេះ»។

ដៃកាន់វ៉ាលី កំពុងតែប្រញាប់ប្រញាល់ ឡើងជិះរថយន្ដក្រុងផងនោះ លោក ងៀន ហាក់វី ជាអ្នករស់នៅខេត្តបាត់ដំបង ក៏បាននិយាយថា ការធ្វើដំណើរតាមរថយន្ដក្រុងនេះបានចំណេញទាំងថវិកា ទាំងពេលវេលា និងសុខសុវត្ថិភាពថែមទៀតផង។ លោកបាននិយាយបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការរៀបចំរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតនៅរដូវភ្ជុំបិណ្ឌនេះ ដោយមិនគិតថ្លៃ ព្រោះថាបានចូលរួមកាត់បន្ថយការចំណាយមួយផ្នែក»។

មិនខុសពីការលើកឡើងរបស់បងប្អូនផ្សេងៗទៀតដែរ កញ្ញា មៀច ស្រីលាង រស់នៅខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការរៀបចំរថយន្ដក្រុងរបស់រាជរដ្ឋាភិបាល សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃបែបនេះគឺពិតជាល្អ និងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋបានច្រើនខណៈអ្នកខ្លះត្រូវចំណាយច្រើននៅពេលជិះរថយន្តឈ្នួលទៅស្រុកម្តងៗនៅរដូវភ្ជុំបិណ្ឌនេះ។ កញ្ញាបាននិយាយបន្ថែមថា៖ «ខ្ញុំក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតសូមអរគុណដល់រាជរដ្ឋាភិបាល ដែលបានរៀបចំរថយន្តក្រុង ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើត ហើយមានទាំងទឹកបរិសុទ្ធ ភេជ្ជៈ ផ្ដល់ជូន ក្នុងការធ្វើដំណើរទៅស្រុកកំណើត។ ខ្ញុំក៏សូមជូពរដល់សម្តេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ដែលបានគិតគូរដល់ប្រជាពលរដ្ឋនៅពេលរដូវបុណ្យទានម្តងៗ។

ចំណែកលោកយាយ ទូច អង អាយុ៨១ឆ្នាំ រស់នៅខេត្តបាត់ដំបងដែរនោះ ក៏បានបញ្ជាក់ថា ការធ្វើដំណើរតាមរថយន្តក្រុង ដែលរៀបចំដោយរាជរដ្ឋាភិបាលនេះ គឺលោកយាយបានជិះទៅស្រុកកំណើតមានរយៈពេល២ឆ្នាំមកហើយ ដែលរាល់ការធ្វើដំណើរតាម រថយន្តក្រុងនេះគឺមានភាពងាយស្រួល មានសុវត្ថិភាព កាត់បន្ថយការចំណាយច្រើន។ លោកយាយបាននិយាយដោយទឹកចិត្ដរីករាយថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលបានជិះរថយន្តក្រុងថ្ងៃនេះ ព្រោះថាបានកាត់បន្ថយការចំណាយថវិកាបានច្រើន។ ជាក់ស្តែងនោះយាយត្រូវចំណាយថវិកាពី១៥ម៉ឺនរៀល ឡើងទៅ សម្រាប់ការជិះរថយន្តឈ្នួល ទៅស្រុកម្តងៗនៅរដូវបុណ្យទាន»។

ក្នុងឱកាសអញ្ជើញចូលរួមជូនដំណើរបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើតតាមបណ្ដាខេត្តនានា ដោយមធ្យោបាយរថយន្តក្រុងសាធារណៈ ដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជូន ដោយឥតគិតថ្លៃនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករ កម្មការិនីរោងចក្រ ជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរជាដើមនេះ មានកំណើនកើនឡើងជាលំដាប់ ដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាព ផងដែរ។ ឯកឧត្ដម បានថ្លែងបញ្ជាក់ថា តាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុចា បានឱ្យរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំជូនដំណើរប្រជាពលរដ្ឋ កម្មករ កម្មការិនីធ្វើការនៅរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តទាំង២៤ ដោយមិនគិតថ្លៃ តាមការប្រើប្រាស់សេវារថយន្តសាធារណៈរាជធានីភ្នំពេញដើម្បីទៅជួបជុំក្រុមគ្រួសារ និងបងប្អូននៅរដូវបុណ្យភ្ជុំបិណ្ឌនេះ។ ឯកឧត្តមអភិបាលបានបន្តថា ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីទទួលនូវការណែនាំ និងអនុសាសន៍ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងរដូវបុណ្យទាន។ បន្ទាប់មកទៀត នៅក្នុងនីតិកាលទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បន្តនូវប្រពៃណីនេះ តាមគោលការណ៍របស់សម្តេចតេជោ ដោយបានឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន៦០០គ្រឿង ដើម្បីជូនដំណើរពួកគាត់ ទៅបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីជាតិ នៅតាមបណ្តាខេត្ត។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានកត់សម្គាល់ឃើញថា សម្រាប់ឆ្នាំនេះចម្លែក ដោយឃើញបងប្អូនពលករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកធ្វើកិច្ចការងារ ប្រកបមុខរបរ អាជីវកម្ម នៅរាជធានីភ្នំពេញ បានធ្វើដំណើរទៅខេត្តទាំង២៤នេះ មានចំនួនច្រើនជាងមុន ដោយសារគាត់បានឃើញអំពីអត្ថប្រយោជន៍ ដែលសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានផ្តល់ជូនគាត់ ក៏ដូចជាអ្នកបម្រើសេវាដឹកជញ្ជូន មានភាសាផ្អែមល្ហែម ក្នុងនាមជាជាតិខ្មែរតែមួយ ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ និងក្រោមការដឹកនាំរបស់សម្តេចធិបតី។


ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងផងដែរថា៖ «កម្មករម្នាក់ យ៉ាងតិចត្រូវចំណាយ ១៥ដុល្លារ ធ្វើដំណើរទៅតាមបណ្តាខេត្តឆ្ងាយៗ ហើយជារៀងរាល់ឆ្នាំពលរដ្ឋបានមកទទួលសេវាជិះរថយន្តក្រុងនេះប្រមាណ៥ ម៉ឺននាក់ ទៅ៦ម៉ឺននាក់ ដែលអាចកាត់បន្ថយការចំណាយប្រជាពលរដ្ឋបានច្រើន។ នេះ ជាគោលការណ៍ដ៏ឈ្លាសវៃ របស់សម្តេចធិបតី បន្តវេនពីសម្តេចតេជោ ហ៊ុន សែន»។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានឱ្យដឹងថា អនុវត្តន៍តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ៕

ដោយ៖ ប៊ុនរិទ្ធ និង សួស សំរិត





