អង្គការ World Vision នាំយកជំនួយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ
AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០៦--ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា World Vision រួមជាមួយអាជ្ញាធរខេត្ត បានចុះពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់ និងនាំយកជំនួយសង្គ្រោះបន្ទាន់ទៅចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ។ នេះវើតាមការឱ្យដឹងពីអង្គការ World Vision នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ។

តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋបាលខេត្តខេត្តបាត់ដំបង និង បន្ទាយមានជ័យ គិតមកទល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ អង្គការទស្សនៈពិភពលោកបានឆ្លើយតប និងជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋបានចំនួន ៩៨៨ គ្រួសារ។ ការឆ្លើយតបនេះ បានផ្តល់អាទិភាពខ្ពស់បំផុតដល់កុមារ គ្រួសារងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា និងជនមានពិការភាព ដោយបានផ្តល់ជូននូវស្បៀងអាហារ និងសម្ភារអនាម័យចាំបាច់នានា។ ទោះបីជាការធ្វើដំណើរមានភាពលំបាក និងឆ្ងាយយ៉ាងណាក៏ដោយ អង្គការ World Vision យើងនៅតែបន្តវត្តមានដើម្បីផ្តល់ការគាំទ្រដល់អ្នកដែលត្រូវការជំនួយបំផុត។

អង្គការទស្សនៈពិភពលោក World Vision សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដៃគូពាក់ព័ន្ធទាំងអស់ និងបុគ្គលិកទាំងអស់ ដែលបានខិតខំបំពេញបេសកកម្ម មនុស្សធម៌នេះ ដើម្បីធានាថា «គ្មានគ្រួសារ ឬកុមារណាម្នាក់ ត្រូវគេទុកចោលក្នុងគ្រាដ៏លំបាកនេះឡើយ»៕

ដោយ៖ ណយ នឿន (ប្រភព៖World Vision)





