រោងចក្រផលិតកាបូនខ្មៅពណ៌ស និងម្សៅសីលីកាថ្មីមួយ នឹងមានវត្តមាននៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--កាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែតុលា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ លើគម្រោងរោងចក្រផលិតកាបូនខ្មៅពណ៌ស (White Carbon Black) និងម្សៅសីលីកា (Precipated Silica) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Cambodian-Sino Metallic Material ជាក្រុមហ៊ុន អ័រអូក ថេកណឡជី ឯ.ក (Auraok Technology Co.,LTD) មានទីតាំងស្ថិតនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោកអភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងនេះជាគម្រោងមានវេទយិតភាពខ្ពស់ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យអនុវត្តន៍ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត បានស្នើឱ្យអង្គប្រជុំចាប់អារម្មណ៍ទៅលើការគ្រប់គ្រងបរិស្ថាន និងវិធាន ការនានាដែលចាំបាច់ត្រូវដាក់ចេញដើម្បីកាត់បន្ថយនូវផលវិបាកនានាដែលចៀសមិនផុត ជាពិសេសគុណភាពខ្យល់នៅក្នុងតំបន់។

លទ្ធផលនៃកិច្ចប្រជុំពិភាក្សា ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ អង្គប្រជុំបានធ្វើការណែនាំឱ្យក្រុមហ៊ុនប្រឹក្សាយោបល់ធ្វើការកែសម្រួលសមីការផលិតកម្ម ទៅតាមលក្ខណៈបច្ចេកទេស និងផ្តល់ជាអនុសាសន៍បន្ថែមពាក់ព័ន្ធនឹងវិធានការសុវត្ថិភាពបុគ្គលិក កម្មករ, ការគ្រប់គ្រងសំណល់ រឹង សំណល់រាវ និងវត្ថុធាតុដើម សំដៅធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខបានដោយមានផលប៉ះពាល់ជាអប្បបរមា មានសុវត្ថិភាព និងនិរន្តរភាពសម្រាប់សង្វាក់ផលិតកម្មនៅពេលខាងមុខ។

សូមជម្រាបថា សារធាតុកាបូនខ្មៅពណ៌ស (White Carbon Black) និង ម្សៅស៊ីលីកា (Precipitated Silica) មានឈ្មោះឧស្សាហកម្ម «Amorphous Silicon Dioxide» មានទម្រង់ជាម្សៅម៉ដ្ឋពណ៌ស និងត្រូវបានទទួលស្គាល់ថា មិនមែនជាសារធាតុពុលទេ។ សារធាតុនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឧស្សា ហកម្មជាច្រើនដូចជា៖ ឧស្សាហកម្មកៅស៊ូ និងសំបកកង់រថយន្ត, ឧស្សាហ កម្មផលិតថ្នាំដុសធ្មេញ, ចំណីអាហារ និងឱសថ, ថ្នាំលាប និងទឹកថ្នាំ, វិស័យកសិកម្ម, គ្រឿងសម្អាង និងថែរក្សាស្បែកផងដែរ៕


ដោយ ងូ សុមុនី





