មូលនិធិ SDF សម្រេចគោលដៅបណ្តុះបណ្តាលជំនាញបាន ៨៩ភាគរយនៃផែនការក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ អង្គភាពប្រតិបត្តិ SDF នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅសម្រាប់ត្រីមាសចុងក្រោយ ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាព គុណភាពការងារ និងកម្មវិធីគាំទ្រ ដើម្បីសម្រេចឱ្យបានលើសផែនការ ឆ្នាំ២០២៦។

ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ SDF បានគាំទ្រការបណ្តុះបណ្តាលកម្លាំងពលកម្មជាង ៥៣ ០០០ នាក់ ក្នុងនោះមានស្ត្រី ៣១ភាគរយ លើ ៩ វិស័យអាទិភាព ដែលសម្រេចបានរហូតដល់ ៨៩ភាគរយ នៃគោលដៅប្រចាំឆ្នាំ២០២៦។ ទន្ទឹមនេះ SDF បានឈ្នះពានរង្វាន់អន្តរជាតិ Brandon Hall Group របស់អាមេរិកចំនួន ៣ និងពានរង្វាន់បរធនបាលកិច្ចសាធារណៈ ឆ្នាំ២០២៦ ព្រមទាំងបានបញ្ជូនគ្រូបង្គោល ១៦៦ នាក់ ទៅរៀនជំនាញបច្ចេកវិទ្យាកម្រិតខ្ពស់នៅប្រទេសចិន ដើម្បីពង្រឹងសមត្ថភាពកម្លាំងពលកម្មកម្ពុជាឱ្យកាន់តែរឹងមាំ។

ចាប់តាំងពី ឆ្នាំ២០១៨ មក SDF គាំទ្រការបណ្តុះបណ្តាលសិក្ខាកាមប្រមាណ ១១ម៉ឺននាក់ ក្នុងនោះស្ត្រី ៣៣ភាគរយ ដោយសម្រេចបានអត្រាបញ្ចប់ការសិក្សា ៩៦ភាគរយអត្រាមានការងារធ្វើ ៨៨ភាគរយ និងប្រាក់បៀវត្សរ៍កើន ២៧ភាគរយ ទន្ទឹមនេះ ៨៩ភាគរយនៃនិយោជកបានរាយការណ៍ពីកំណើនផលិតភាព ខណៈ ៨៣ភាគរយ នៃសហគ្រាសទទួលបានផលចំណេញត្រឡប់មកវិញពីការវិនិយោគ និង ៨៩ភាគរយ នៃសិក្ខាកាមទទួលបានឱកាសការងារកាន់តែប្រសើរ។

បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារក៏បានរៀបចំកម្មវិធីជួបជុំអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹងស្មារតីសាមគ្គីភាព និងត្រៀមបន្តពន្លឿនបេសកកម្មអភិវឌ្ឍន៍ជំនាញដល់ប្រជាពលរដ្ឋកម្ពុជា សំដៅចូលរួមសម្រេចចក្ខុវិស័យឆ្នាំ ២០៥០ ជំនាញខ្ពស់ ចំណូលខ្ពស់ ៕
ដោយ៖ ណយ នឿន (ប្រភព៖SDF)





