លោក អែដូហ្គែន និងលោក ពូទីន ពិភាក្សាអំពីទំនាក់ទំនងរវាងតួកគីយេ និងរុស្ស៊ី ព្រមទាំងសន្តិសុខនៅសមុទ្រខ្មៅ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ -- អគ្គនាយកដ្ឋានទំនាក់ទំនងរបស់ប្រទេសតួកគីយេ បានឱ្យដឹងថា ប្រធានាធិបតីតួកគីយេ លោក រេសេប តាយយីប អឺដូហ្គែន និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងបញ្ហាសកលលោក នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃពុធ។
យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយដោយអគ្គនាយកដ្ឋាននេះនៅលើបណ្តាញសង្គម NSosyal របស់តួកគីយេ បានឱ្យដឹងថា លោក អឺដូហ្គែន បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រខ្មៅ។
លោកបាននិយាយថា ប្រទេសតួកគីយេតែងតែត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនានា ដែលមានគោលបំណងបង្កើតទំនាក់ទំនងដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន។
នៅក្នុងអំឡុងពេលនៃការសន្ទនានោះ លោក អឺដូហ្គែន ក៏បានជូនពរថ្ងៃកំណើតដល់លោក ពូទីន និងបានអបអរសាទរចំពោះជោគជ័យរបស់គណបក្សរបស់លោកនៅក្នុងការបោះឆ្នោតសភា ឌូម៉ា ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





