កូរ៉េខាងជើងគាំទ្រចិនលើបញ្ហាកោះតៃវ៉ាន់ និងបន្ទោសសហរដ្ឋអាមេរិកចំពោះភាពមិនស្ថិតស្ថេរក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ -- កាលពីថ្ងៃពុធប្រទេសកូរ៉េខាងជើងបានការពារគោលនយោបាយ «ចិនតែមួយ» របស់ទីក្រុងប៉េកាំង ព្រមទាំងបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ និងបាន «បង្កើន» ភាពតានតឹងនៅក្នុងតំបន់។
ការរិះគន់នេះត្រូវបានលើកឡើងនៅក្នុងអត្ថបទមួយដែលមានចំណងជើងថា «សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពដោយប្រញាប់ប្រញាល់និងមិនគិតគូរឱ្យបានល្អិតល្អន់» ដែលសរសេរដោយលោក គីម យ៉ុងជុល (Kim Myong-chol) អ្នកវិភាគកិច្ចការអន្តរជាតិ និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។
លោក គីម បានសរសេរថា៖ «សហរដ្ឋអាមេរិកបានបំផ្លាញស្ថិរភាពក្នុងតំបន់ជាប្រព័ន្ធ និងបានបង្កើនភាពតានតឹងនៃស្ថានភាពជាបន្តបន្ទាប់ ក្រោមលេសនៃការ «ប្រឆាំងនឹងការប៉ុនប៉ងជាឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពជាក់ស្តែង» នៅច្រកសមុទ្រកោះតៃវ៉ាន់»។
ដោយសំដៅទៅលើការបញ្ជូនយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់នាពេលថ្មីៗនេះ លោក គីម បាននិយាយថា៖ «នេះគ្រាន់តែជាសកម្មភាពដ៏អសីលធម៌មួយប៉ុណ្ណោះ ដែលប្រៀបដូចជាការដាក់គ្រាប់បែកនៅមាត់ទ្វារផ្ទះអ្នកដទៃ ហើយអះអាងថាគ្រាប់បែកនោះគឺដើម្បីធានាសុវត្ថិភាពនៃផ្ទះនោះទៅវិញ»។
លោកបានអះអាងថា គ្រឿងសព្វាវុធដែលសហរដ្ឋអាមេរិកបានផ្គត់ផ្គង់ដល់កោះតៃវ៉ាន់តាមរយៈការលក់អាវុធទៅក្រៅប្រទេសក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ មានតម្លៃសរុបជាង ៣៩ប៊ីលានដុល្លារអាម៉េរិក។
លោកបាននិយាយថា៖ «បញ្ហាកោះតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដូច្នេះវិធីដោះស្រាយបញ្ហានេះគឺជាកិច្ចការរបស់ប្រជាជនចិនទាំងស្រុង ហើយគ្មានកម្លាំងខាងក្រៅណាមួយមានសិទ្ធិជ្រៀតជ្រែកក្នុងរឿងនេះឡើយ»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





