ប៉ាគីស្ថានធ្វើតេស្តបាញ់មីស៊ីលឈ្មោះ Fatah-4 បន្ទាប់ពីពង្រីករយៈចម្ងាយ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ -- យោធាប៉ាគីស្ថានបានប្រកាសថា កាលពីថ្ងៃអង្គារ ប្រទេសនេះបានធ្វើតេស្តដោយជោគជ័យនូវកំណែដែលមានរយៈចម្ងាយហោះហើរឆ្ងាយជាងមុននៃមីស៊ីលប្រភេទcruise ដែលបាញ់ចេញពីដីឈ្មោះ Fatah-4 ដែលជាផលិតផលបង្កើតឡើងដោយខ្លួនឯងក្នុងស្រុក។
ស្ថាប័នទំនាក់ទំនងសាធារណៈនៃកងកម្លាំងប្រដាប់អាវុធ (Inter-Services Public Relations) ដែលជាផ្នែកទទួលបន្ទុកផ្នែកព័ត៌មានរបស់យោធា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលនេះត្រូវបានបំពាក់ដោយប្រព័ន្ធអេឡិចត្រូនិកអាកាសចរណ៍ និងប្រព័ន្ធរុករកផ្លូវដ៏ទំនើប។
យោងតាមសេចក្តីថ្លែងការណ៍ដដែលនោះ ប្រព័ន្ធអាវុធនេះមានសមត្ថភាពវាយប្រហារគោលដៅក្នុងរយៈចម្ងាយឆ្ងាយដោយភាពជាក់លាក់ខ្ពស់ និងមានកម្លាំងបំផ្លិចបំផ្លាញខ្លាំង។ ទន្ទឹមនឹងនេះ ការធ្វើតេស្តនេះក៏បានបញ្ជាក់ផងដែរអំពីលក្ខណៈបច្ចេកទេសនៃប្រព័ន្ធរងផ្សេងៗ ដែលត្រូវបានរចនាឡើងដើម្បីបង្កើនភាពជាក់លាក់ និងសមត្ថភាពក្នុងការរស់រានមានជីវិតឬភាពធន់របស់មីស៊ីល៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





