កងកម្លាំងអាហ្វហ្គានីស្ថានកម្ទេចមន្ទីរពិសោធន៍ផលិតហេរ៉ូអ៊ីន និងរឹបអូសគ្រឿងញៀនបានយ៉ាងច្រើនសន្ធឹកសន្ធាប់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ -- ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានបំបែកចោលនូវមន្ទីរពិសោធន៍កែច្នៃហេរ៉ូអ៊ីនខុសច្បាប់ចំនួន ២កន្លែង និងបានរឹបអូសគ្រឿងញៀនខុសច្បាប់ក្នុងបរិមាណដ៏ច្រើននៅក្នុងខេត្តចំនួន ២។
ក្រសួងបានរាយការណ៍ថា អង្គភាពប្រឆាំងគ្រឿងញៀនបានធ្វើប្រតិបត្តិការចុះបង្ក្រាបគោលដៅជាក់លាក់នៅតំបន់ជាយក្រុងនៃស្រុកឆរ៉ានិងស្រុកជីណាតូ ក្នុងខេត្តយូរូកហ្គេន ភាគខាងត្បូង ដោយបានបំផ្លាញទីតាំងទាំងនោះ និងរឹបអូសសារធាតុគីមីដើមដែលប្រើប្រាស់ក្នុងការផលិតសារធាតុហេរ៉ូអ៊ីនបានជិត ៣.០០០គីឡូក្រាម។
នៅក្នុងប្រតិបត្តិការស្របពេលគ្នានោះដែរ កងកម្លាំងសន្តិសុខបានរឹបអូសគ្រឿងញៀនខុសច្បាប់ចំនួន ៣២៩គីឡូក្រាម និងបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននៅក្នុងស្រុកតាស្កេន នៃខេត្តបាដាកស្ថាន ភាគខាងជើង។
អាជ្ញាធរអាហ្វហ្គានីស្ថានបានបង្កើនយុទ្ធនាការទូទាំងប្រទេសប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដោយផ្តោតគោលដៅជាប្រព័ន្ធទៅលើក្រុមអ្នកជួញដូរ អ្នកដាំដុះ និងបណ្តាញផលិតគ្រឿងញៀន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយដើម្បីលុបបំបាត់សេដ្ឋកិច្ចគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





