ចិនជំរុញឱ្យបារាំង និងអាល្លឺម៉ង់ រក្សាការសហការប្រកបដោយភាពបើកចំហ និងពាណិជ្ជកម្មសេរី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសចិនសង្ឃឹមថា ប្រទេសបារាំង និងអាល្លឺម៉ង់នឹងបន្តរក្សាការសហការប្រកបដោយភាពបើកចំហ និងពាណិជ្ជកម្មសេរី ព្រមទាំងគោរពតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជៀសវាងការជំរុញឱ្យសហភាពអឺរ៉ុប (EU) ប្រើប្រាស់វិធានការការពារពាណិជ្ជកម្មគ្រប់ពេលវេលា។
នៅពេលត្រូវបានសួរឱ្យផ្តល់មតិលើសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា ប្រទេសបារាំង និងអាល្លឺម៉ង់ បានជំរុញឱ្យសហភាពអឺរ៉ុបបង្កើនការប្រើប្រាស់វិធានការការពារពាណិជ្ជកម្ម និងដាក់ចេញនូវឧបករណ៍ការពារពាណិជ្ជកម្មថ្មីៗមួយចំនួននោះ អ្នកនាំពាក្យរូបនេះបានលើកឡើងថាប្រទេសចិនតែងតែរក្សាជំហរថា ការពឹងអាស្រ័យគ្នាទៅវិញទៅមកមិនមែនជាហានិភ័យនោះទេ ហើយផលប្រយោជន៍ដែលជាប់ពាក់ព័ន្ធគ្នាទៅវិញទៅមកក៏មិនបង្កជាការគំរាមកំហែងដែរ ខណៈដែលការសហការប្រកបដោយភាពបើកចំហគឺជាមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរកការអភិវឌ្ឍ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា គោលនយោបាយការពារពាណិជ្ជកម្មមិនអាចបង្កើនសមត្ថភាពប្រកួតប្រជែងបានឡើយ ហើយការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច និងការកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់នឹងបង្កគ្រោះថ្នាក់ដល់អ្នកដទៃប៉ុណ្ណោះ ដោយមិនផ្តល់ផលប្រយោជន៍អ្វីដល់ខ្លួនឯងឡើយ។
អ្នកនាំពាក្យបានបន្ថែមថា ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំៗប្រទេសបារាំង និងអាល្លឺម៉ង់ មិនគួរធ្វើនយោបាយភាវូបនីយកម្មលើបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឬពង្រីកការបកស្រាយអំពីគោលគំនិតសន្តិសុខជាតិហួសហេតុពេកនោះទេ។ ពួកគេគួរតែជៀសវាងការដើរលើផ្លូវខុស ដែលទីបំផុតនឹងបង្កផលប៉ះពាល់អវិជ្ជមានត្រឡប់មកលើខ្លួនឯងវិញ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





