រដ្ឋបាលខេត្តសៀមរាបប្តេជ្ញាពង្រឹងប្រព័ន្ធស្បៀង ដើម្បីសន្តិសុខស្បៀង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព
AKP សៀមរាប ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--រដ្ឋបាលខេត្តសៀមរាបបានបន្តជំរុញការអនុវត្តន៍ផែនការអភិវឌ្ឍប្រព័ន្ធស្បៀងប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ខណៈអាជ្ញាធរខេត្ត និងដៃគូពាក់ព័ន្ធបានប្តេជ្ញារួមគ្នាប្រែក្លាយផែនការ និងគម្រោងនានាទៅជាសកម្មភាពជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅក្នុងខេត្ត។កិច្ចប្រជុំក្រុមការងារដឹកនាំគម្រោងប្រព័ន្ធស្បៀងប្រចាំខេត្តសៀមរាបនេះបានប្រព្រឹត្តទៅនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ ។

លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តបានមានប្រសាសន៍ថា ផែនការប្រព័ន្ធស្បៀងប្រចាំខេត្តត្រូវបានរៀបចំឡើងដោយមានការចូលរួមយ៉ាងទូលំទូលាយពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធ តាមរយៈក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រ លេខាធិការដ្ឋានបច្ចេកទេស និងកិច្ចពិភាក្សាអន្តរវិស័យ ដើម្បីធានាថា ទិសដៅ និងអាទិភាពដែលបានកំណត់ ស្របតាមតម្រូវការ និងបញ្ហាជាក់ស្តែងរបស់ខេត្តសៀមរាប។

លោក អ៊ឹង គឹមលាង បានលើកឡើងថា ផែនការប្រព័ន្ធស្បៀងប្រចាំខេត្តមានចក្ខុវិស័យផ្តោតលើ «ផលិតផលសុវត្ថិភាព និងគុណភាព» ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅឆ្នាំ២០២៩។ ផែនការនេះមានគោលបំណងសំខាន់ពីរ គឺធានាសន្តិសុខ និងសុវត្ថិភាពស្បៀងតាមរយៈការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។

លោកអភិបាលរងខេត្តក៏បានជំរុញឱ្យក្រុមការងារ និងដៃគូពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការ ការតាមដាន និងវាយតម្លៃការអនុវត្តគម្រោងឱ្យបានជាប់លាប់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍។

ផែនការប្រព័ន្ធស្បៀងប្រចាំខេត្តសៀមរាប ផ្តោតលើយុទ្ធសាស្ត្រអាទិភាពចំនួន៧ រួមមាន៖ ការអនុវត្តន៍បច្ចេកទេសកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ កែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុរបស់កសិករ ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក អភិវឌ្ឍអេកូទេសចរណ៍ និងកសិទេសចរណ៍ កែលម្អបរិស្ថានរស់នៅ និងសុខភាពសាធារណៈ ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ព្រមទាំងការពង្រឹងសមត្ថភាពគ្រប់គ្រង និងអនុវត្តគម្រោង ដើម្បីធានាឱ្យការអភិវឌ្ឍន៍ប្រព័ន្ធស្បៀងក្នុងខេត្តឱ្យសម្រេចបានប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕
ដោយ ឃុត សៅ





