សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់វិស័យការពារជាតិដើម្បីបង្កើនសមត្ថភាព
AKP ភ្នំពេញ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ -- សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយថា វិស័យការពារជាតិរបស់កម្ពុជា ត្រូវបានកែទម្រង់ និងពង្រឹង ដើម្បីបង្កើនសមត្ថភាពការពារជាតិ ប៉ុន្តែសម្តេចសុំមិនលំអិត។

ការទម្លាយបែបនេះរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖" វិស័យកងទ័ពកម្ពុជាត្រូវបានកំណែទម្រង់ ខណៈកាតព្វកិច្ចត្រូវពង្រឹងមនុស្សរបស់យើង វិស័យការពារជាតិសំខាន់តែយើងក៏មិនទៅដកពីវិស័យសុខាភិបាល ឬវិស័យអប់រំ ដែលជាធនធានមនុស្សនោះដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបយ៉ាងដូច្នេះថា៖ «ការកំណែទម្រង់កងទ័ពយើងបានធ្វើច្រើន តែខ្ញុំសុំមិនអត្ថាធិប្បាយ អាហ្នឹងជារឿងផ្ទៃក្នុងកងទ័ព មិនមែនជារឿងដែលត្រូវយកមកនិយាយនៅលើវេទិកាបកស្រាយ សុំបងប្អូនយោគយល់ ថាតាំងពីវៃគ្នាមកកងទ័ពយើងពង្រឹងស្អីខ្លះ?»។
ជាមួយគ្នានោះដែរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះការពង្រឹងវិស័យការពារជាតិនេះ ក៏ត្រូវបានលោក ជេម សុខ ដែលជាអ្នកវិភាគលើបណ្តាញសង្គម កំពុងរស់នៅក្រៅប្រទេ ស បានលើកយកវិភាគ ជុំវិញការបង្កើនសមត្ថភាពវិស័យការពារជាតិរបស់កម្ពុជា។ ប៉ុន្តែ ទោះជាយ៉ាងណានេះគ្រាន់តែការវិភាគប៉ុណ្ណោះ។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការពង្រឹងវិស័យការពារជាតិមិនមែនមានន័យថា កម្ពុជាចង់បានសង្គ្រាមនោះទេ ប៉ុន្តែការពង្រឹងធនធានមនុស្ស ពង្រឹងវិស័យការពារជាតិ វិស័យសន្តិសុខជាតិ គឺយើងត្រូវតែធ្វើ។ ការពង្រឹងវិស័យបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងស៉ីវិល សន្តិសុខជាតិ ក៏រាជរដ្ឋាភិបាលត្រូវតែធ្វើជាប់ជាប្រចាំផងដែរ។
ពាក់ព័ន្ធនឹងការពង្រឹងវិស័យការពារជាតិវិញត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នៅពេលស្ថានភាពវិលទៅប្រក្រតីភាពឡើងវិញ សម្តេចនឹងរៀបរាប់ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានដឹងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចំពោះការពង្រឹងវិស័យការពារជាតិ។ ខណៈនៅក្រសួងការពារជាតិ បានកែទម្រង់ចាប់ពីថ្នាក់ក្រសួង ថ្នាក់អគ្គបញ្ជាការ ប្រភេទទ័ព ថ្នាក់យោធភូមិភាគ ថ្នាក់តំបន់ប្រតិបត្តិការសឹងរង និងកងការពារព្រំដែនជាដើម។
គួររម្លឹកថា ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីពេលថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណែត ក៏លើកឡើងពីការធ្វើកំណែទម្រង់វិស័យការពារជាតិចុងក្រោយនេះ ដោយអនុវត្តតាមគោលការណ៍ «បង្រួមក្បាលពង្រីកខ្លួន» ដើម្បីបង្កើនប្រសិទ្ធភាពនិងពង្រឹងខឿនការពារជាតិរយៈពេលវែង។ សម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងការពារជាតិគ្រោងលុបចោលនាយកដ្ឋាន និងការិយាល័យមួយចំនួន ហើយត្រូវច្របាច់បញ្ចូលគ្នារវាងការិយាល័យដែលមានមុខងារត្រួតស៊ីគ្នា។ ប្រភេទទ័ពទាំងអស់ និងកម្លាំងប្រយុទ្ធដែលមានមុខងារដូចគ្នាក៏ត្រូវលុបចោលដែរ៕
ដោយ៖ ប៊ុនរិទ្ធ





