សប្តាហ៍កូរ៉េនៅប្រទេសគុយបា បញ្ជាក់ពីការលើកកម្ពស់ភាសា ប្រវត្តិសាស្ត្រ និងប្រពៃណី
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ -- លោកស្រី ម៉ាថា កាប្រារ៉ា នាយិកានៃគម្រោង ArtCor របស់ប្រទេសគុយបា បានថ្លែងនៅក្នុងពិធីបើក «សប្តាហ៍វប្បធម៌កូរ៉េ» នៅក្នុងប្រទេសគុយបាថា អក្សរហាំងហ្គូល (អក្សរកូរ៉េ) តំណាងឱ្យអត្តសញ្ញាណដែលប្រជាជនកូរ៉េបានតស៊ូអស់រយៈពេលជាច្រើនសតវត្សរ៍កន្លងមកដើម្បីរក្សា និងការពារ។
ព្រឹត្តិការណ៍នេះមានគោលបំណងពង្រីកការផ្សព្វផ្សាយ និងការបង្រៀនអំពីសិល្បៈកូរ៉េ តាមរយៈកម្មវិធីវប្បធម៌ និងការអប់រំដ៏សម្បូរបែប ដោយអក្សរហាំងហ្គូលដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងឆ្នាំនេះ។
លោកស្រី ម៉ាថា កាប្រេរ៉ា បានពន្យល់ប្រាប់ទីភ្នាក់ងារព័ត៌មានប្រេនសាឡាទីណាដាច់ដោយឡែកមួយថា ព្រឹត្តិការណ៍នេះផ្សារភ្ជាប់ធាតុផ្សំនៃវប្បធម៌កូរ៉េបែបប្រពៃណីទៅនឹងទម្រង់សម័យទំនើប ជាពិសេស គឺតន្ត្រីប៉ុប (K-pop) ដើម្បីបង្ហាញជូនដល់ទស្សនិកជនវ័យជំទង់។
លោកស្រី សូជឹង ម្យឹង ដែលជាតំណាងនៃបេសកកម្មការទូតកូរ៉េ បានសម្តែងក្តីសង្ឃឹមថា សប្តាហ៍វប្បធម៌នេះ នឹងក្លាយជាឱកាសដ៏ល្អសម្រាប់មនុស្សជាច្រើនក្នុងការស្វែងយល់ និងរីករាយជាមួយវប្បធម៌កូរ៉េ។
ជាផ្នែកមួយនៃពិធីបើក មានការរៀបចំកម្មវិធីពិភាក្សាអប់រំជាបន្តបន្ទាប់ ដោយចាប់ផ្តើមជាមួយការពិភាក្សាលើប្រធានបទ ស្តីពីចលនាតស៊ូរបស់កូរ៉េ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩១៩ ប្រឆាំងនឹងការត្រួតត្រារបស់ជប៉ុន។
ការពិភាក្សាទាំងនោះបានគ្របដណ្តប់លើបញ្ហាវិវាទទឹកដីជាមួយជប៉ុនពាក់ព័ន្ធនឹងប្រជុំកោះដុកដូ (ដែលជប៉ុនហៅថា កោះតាកេស៊ីម៉ា) និងបានលើកឡើងពីប្រធានបទសំខាន់ៗដូចជា គ្រឿងស្មូនប្រភេទ Celadon ល្បែង និងរបាំប្រពៃណី ព្រមទាំងសារៈសំខាន់នៃវត្ថុបុរាណនានា ដូចជា របាំងមុខ ឧបករណ៍សរសេរអក្សរ និងសម្លៀកបំពាក់ប្រពៃណី ដោយបង្ហាញពីលំដាប់លំដោយនៃប្រវត្តិសាស្ត្រចាប់តាំងពីសម័យអាណាចក្របុរាណរហូតដល់រាជវង្ស Joseon។
កម្មវិធីនេះក៏រួមបញ្ចូលផងដែរនូវការចាក់បញ្ចាំងភាពយន្តឯកសារដែលមានចំណងជើងថា «នៅមិនឆ្ងាយប៉ុន្មានទេ» ដែលបង្ហាញពីឥទ្ធិពលនៃវប្បធម៌កូរ៉េនៅក្នុងប្រទេសគុយបា រលកនៃការធ្វើចំណាកស្រុកកាលពី ១០៥ឆ្នាំមុន ការតាំងទីលំនៅរបស់សហគមន៍កូរ៉េនៅក្នុងប្រទេសនៃតំបន់ការាបៀនមួយនេះ និងការបង្កើតព្រមទាំងការរីកចម្រើននៃគម្រោង ArtCor ដែលបច្ចុប្បន្នមានសមាជិកជាងមួយម៉ឺននាក់នៅទូទាំងប្រទេស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)




