រុស្ស៊ីជូនដំណឹងដល់អង្គការសុខភាពពិភពលោកថា មិនមានករណីជំងឺប៉េស្តនៅក្នុងទីក្រុងមួយរបស់តំបន់ស៊ីបេរីទេ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ -- យោងតាមអ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា អាជ្ញាធររុស្ស៊ីបានជម្រាបទៅកាន់អង្គការនេះកាលពីថ្ងៃអង្គារថា មិនមានករណីឆ្លងជំងឺប៉េស្ត (plague) នៅក្នុងទីក្រុង Irkutsk នៃតំបន់ស៊ីបេរីនោះទេ ដែលជាកន្លែងដែលបុគ្គលិកមន្ទីរពិសោធន៍ម្នាក់នៅវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តបានស្លាប់កាលពីសប្តាហ៍មុន។
ទីក្រុងមូស្គូ ដែលតម្រូវឱ្យឆ្លើយតបទៅនឹងសំណើរបស់អង្គការ WHO ក្នុងរយៈពេល ២៤ម៉ោង ស្របតាមច្បាប់សុខភាពសកលលោកនោះ ធ្លាប់បានជម្រាបទៅអង្គការ WHO ពីមុនមកថា អាជ្ញាធរកំពុងស៊ើបអង្កេតថា តើជំងឺប៉េស្តប្រភេទឆ្លងតាមផ្លូវដង្ហើម គឺជាមូលហេតុនៃការស្លាប់របស់បុគ្គលិកនោះឬយ៉ាងណា។
អាជ្ញាធររុស្ស៊ីបានបញ្ជាក់នៅក្នុងការឆ្លើយតបជាផ្លូវការមួយចំពោះសំណើរបស់អង្គការ WHO ថា «មិនមានករណីឆ្លងជំងឺដ៏គ្រោះថ្នាក់នេះត្រូវបានកត់ត្រានៅក្នុងទីក្រុង Irkutsk នៃសហព័ន្ធរុស្ស៊ីនោះទេ»។ សេចក្តីថ្លែងការណ៍នេះត្រូវបានអានដោយលោក គ្រីស្ទៀន លីនមើញែរ អ្នកនាំពាក្យរបស់អង្គការ WHO នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ។
ពួកគេក៏បានជម្រាបជូនទីភ្នាក់ងារអង្គការសហប្រជាជាតិផងដែរថា ពួកគេបានកំណត់អត្តសញ្ញាណអ្នកដែលបានប៉ះពាល់ជាមួយអ្នកស្លាប់រួចហើយ ហើយលទ្ធផលនៃការធ្វើតេស្តរកមេរោគឆ្លងដ៏គ្រោះថ្នាក់នេះ គឺមិនមានវត្តមានមេរោគនោះទេ។
កន្លងមក អង្គការ WHO បានលើកឡើងថា ហានិភ័យនៃការឆ្លងជំងឺប៉េស្តសម្រាប់ប្រជាជនទូទៅហាក់ដូចជាមានកម្រិតទាប៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)




