លោក វែនស៍៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែត្រូវធ្វើការលម្អិតនៃគម្រោងឧស្ម័ននៅរដ្ឋអាឡាស្កា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ -- អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វែនស៍ បាននិយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែត្រូវពិភាក្សា និងធ្វើការងារលម្អិតនៃគម្រោងឧស្ម័នធម្មជាតិរាវ (LNG) ដែលបានស្នើឡើងនៅរដ្ឋអាឡាស្កា ខណៈដែលលោកបានបង្ហាញពីទំនុកចិត្តថា គម្រោងនេះនឹងដំណើរការទៅមុខនៅទីបំផុត ដោយសារតម្រូវការដ៏ខ្លាំងក្លានៅទ្វីបអាស៊ីសម្រាប់ឧស្ម័នរបស់អាម៉េរិក។
យោងតាមសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មានប្រចាំសេតវិមាន បានឱ្យដឹងថា លោក វែនស៍ បាននិយាយថា «បំពង់បង្ហូរឧស្ម័ននេះ គឺជាអ្វីដែលយើងពិតជាចង់ឃើញវាលេចចេញជារូបរាង ហើយបណ្តាប្រទេសជាមិត្តជាច្រើនរបស់យើងនៅទ្វីបអាស៊ី ក៏ចង់ឃើញវាលេចចេញជារូបរាងដែរ។ មិនមែនមានតែភាគីកូរ៉េខាងត្បូងនោះទេ សូម្បីតែភាគីជប៉ុនក៏ចង់ឃើញបំពង់បង្ហូរឧស្ម័ននេះដែរ»។
លោកបានបន្តថា «ដូច្នេះ ខ្ញុំគិតថាវាជារឿងមួយដែលនឹងកើតឡើង។ ជាការពិតណាស់ នៅមានព័ត៌មានលម្អិតមួយចំនួនដែលត្រូវសម្រេច ហើយភាគីកូរ៉េខាងត្បូងក៏បានលើកឡើងពីចំណុចនេះរួចហើយដែរ»។
លោក Vance បានលើកឡើងថា បណ្តាប្រទេសដែលមានសេដ្ឋកិច្ចនៅអាស៊ីបូព៌ា ដែលបានជួបប្រទះនឹងបញ្ហាថ្លៃឧស្ម័នធម្មជាតិខ្ពស់នោះ នឹងទទួលបានផលប្រយោជន៍ពីការកើនឡើងនៃការផ្គត់ផ្គង់ឧស្ម័នមកពីសហរដ្ឋអាមេរិក។
លោកបានបន្ថែមថា៖ «នៅពេលដែលមានតម្រូវការសម្រាប់ផលិតផលនេះ ហើយជាក់ស្តែងមានតម្រូវការខ្លាំងចំពោះឧស្ម័នធម្មជាតិរបស់អាមេរិកនោះ ខ្ញុំគិតថាយើងនឹងអាចសម្រេចកិច្ចការនេះបាន»។
កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីគម្រោងវិនិយោគរបស់កូរ៉េខាងត្បូងនៅក្នុងសហរដ្ឋអាមេរិក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុន ដែលរួមមាន ការសាងសង់រោងចក្រថាមពលដើរដោយឧស្ម័ននៅក្នុងរដ្ឋតិចសាស់ រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតធំចំនួន៨ និងគម្រោងឧស្ម័នធម្មជាតិរាវ (LNG) នៅរដ្ឋអាឡាស្កា។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងឧស្សាហកម្មរបស់កូរ៉េខាងត្បូងបានបញ្ជាក់ថា គម្រោង LNG នៅរដ្ឋអាឡាស្កា មិនទាន់ត្រូវបានសម្រេចជាស្ថាពរនៅឡើយទេ ដោយបានសង្កត់ធ្ងន់ថា ភាពអាចទៅរួចផ្នែកពាណិជ្ជកម្ម និងកត្តាផ្សេងៗទៀត ចាំបាច់ត្រូវធ្វើការពិនិត្យឡើងវិញជាមុនសិន មុននឹងធ្វើការសម្រេចចិត្តវិនិយោគណាមួយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





