ចំនួនភ្ញៀវទេសចរបរទេសទៅកាន់ទីក្រុងសេអ៊ូល កើនឡើង ២២% គិតត្រឹមខែសីហា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ -- ទិន្នន័យពីអាជ្ញាធរទីក្រុងសេអ៊ូលបានបង្ហាញកាលពីថ្ងៃអង្គារថា ចំនួនភ្ញៀវទេសចរបរទេសដែលបានទៅទស្សនាទីក្រុងនេះក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ បានកើនឡើងប្រហែល ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការចំណាយតាមរយៈកាតឥណទានរបស់ពួកគេនៅក្នុងទីក្រុងបានកើនឡើងយ៉ាងខ្លាំងប្រមាណជិត ៦០%។
អាជ្ញាធរទីក្រុងបានឱ្យដឹងថា ទីក្រុងសេអ៊ូលបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ១១,៥៦លាននាក់ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងអំឡុងពេលពីខែមករាដល់ខែសីហា ពោល គឺកើនឡើង ២១,៦% ធៀបនឹងឆ្នាំមុន។ អាជ្ញាធរក៏បានកត់សម្គាល់ផងដែរថា ការចំណាយតាមរយៈកាតឥណទានរបស់ភ្ញៀវទេសចរទាំងនោះបានកើនឡើង ៥៩,៩% ធៀបនឹងឆ្នាំមុន ដែលឈានដល់ចំនួន ៧,៧៨ទ្រីលានវ៉ុន (ស្មើនឹង ៥,៨ពាន់លានដុល្លារអាម៉េរិក)។
ដោយឡែក នៅក្នុងខែសីហាតែមួយ មានភ្ញៀវទេសចរបរទេសចំនួន ១,៧២លាននាក់បានទៅទស្សនាទីក្រុងសេអ៊ូល ដែលកើនឡើង ២៣,៣% ធៀបនឹងចំនួន ១,៤លាននាក់កាលពីក្នុងខែសីហា ឆ្នាំមុន។
បើគិតតាមប្រទេស ភ្ញៀវទេសចរទៅពីប្រទេសចិន ជប៉ុន និងតៃវ៉ាន់ មានចំនួនស្មើនឹង ៦៦,៤% នៃភ្ញៀវទេសចរបរទេសសរុបដែលបានទៅទស្សនាទីក្រុងសេអ៊ូលនៅក្នុងខែសីហា។ ប្រទេសចិនឈរនៅលំដាប់កំពូលដោយមានភ្ញៀវទេសចរចំនួន ៦៣៦.០០០នាក់ (៣៦,៩%) បន្ទាប់មក គឺប្រទេសជប៉ុន មានចំនួន ៣២២.០០០នាក់ (១៨,៦%) និងតៃវ៉ាន់ មានចំនួន ១៨៨.០០០នាក់ (១០,៩%)។
រដ្ឋបាលក្រុងសេអ៊ូលបានឱ្យដឹងថា វិស័យទិញទំនិញ គឺជាវិស័យដែលទទួលបានចំណែកធំបំផុតនៃការចំណាយតាមរយៈកាតឥណទានរបស់ភ្ញៀវទេសចរបរទេស ដោយមានកម្រិត ៤៦,៦% បន្ទាប់មក គឺវិស័យសុខាភិបាល និងសុខុមាលភាព (២៣,៨%) វិស័យម្ហូបអាហារ និងភេសជ្ជៈ (១៣,២%) និងវិស័យស្នាក់នៅ (១០,៤%)។
ការចំណាយរបស់ភ្ញៀវទេសចរបរទេសនៅតាមផ្សារទំនើបធំៗក្នុងទីក្រុងសេអ៊ូល បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៧៧,៥% ខណៈដែលការចំណាយលើវិស័យទេសចរណ៍ផ្នែកសុខាភិបាល និងការទទួលទានអាហារបានកើនឡើង ៦៤,២% និង ៥៩,៥% រៀងៗគ្នា។
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





