ភេរវករ ៨នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការសន្តិសុខនៅភាគពាយព្យប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ -- ប្រភពព័ត៌មានផ្នែកសន្តិសុខបានឱ្យដឹងថា ភេរវករចំនួន ៨នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការមួយដែលផ្អែកលើព័ត៌មានសម្ងាត់ ដោយកងកម្លាំងសន្តិសុខនៅក្នុងខេត្តឃីបឺ ប៉ាក់ទុនខ្វា ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។
ប្រភពសន្តិសុខបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកដេរ៉ា អ៊ីស្មាអ៊ីល ខាន់ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់អំពីវត្តមានរបស់ក្រុមភេរវករ។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នោះ មានមេដឹកនាំសំខាន់ៗចំនួន ៣នាក់នៃក្រុមសកម្មប្រយុទ្ធ Tehrik-e-Taliban Pakistan ដែលត្រូវបានហាមឃាត់ ខណៈដែលអាវុធ គ្រាប់រំសេវ និងប្រាក់រូបិយប័ណ្ណបរទេសមួយចំនួនត្រូវបានរឹបអូសពីក្រុមសកម្មប្រយុទ្ធទាំងនោះ។
ប្រធានាធិបតីប៉ាគីស្ថាន លោក អាស៊ីហ្វ អាលី ហ្សាដារី (Asif Ali Zardari) និងនាយករដ្ឋមន្ត្រី លោក សេបាហ៍ សារីហ្វ (Shehbaz Sharif) បានកោតសរសើរដល់កងកម្លាំងសន្តិសុខចំពោះប្រតិបត្តិការនេះ ដោយបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនឹងបន្តរហូតដល់វាត្រូវបានលុបបំបាត់ចោលទាំងស្រុង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





