ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទ លោក អានតូញ៉ូ ហ្គូធឺរែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្គាហ្សា (Gaza) មុនខួបលើកទី៣ នៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។
លោក ហ្គូធឺរែស បានថ្លែងនៅក្នុងសារមួយដើម្បីរំលឹកខួបលើកទី៣ នេះថា ភាពភ័យរន្ធត់នៃការវាយប្រហារទាំងនោះមិនត្រូវកើតឡើងម្តងទៀតឡើយ ហើយអរិភាពដែលបានកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់ហ្គាហ្សាត្រូវតែបញ្ចប់។
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់បានវាយប្រហារលើប្រទេសអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់មនុស្ស ២៥១នាក់ធ្វើជាចំណាប់ខ្មាំង។ អ៊ីស្រាអែលបានឆ្លើយតបវិញដោយការធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៧៤.០០០នាក់។
ប្រមុខអង្គការសហប្រជាជាតិរូបនេះបានមានប្រសាសន៍ថា៖ «អរិភាពដ៏មហន្តរាយដែលបានកើតឡើងបន្ទាប់ពីការវាយប្រហារនោះ បានបង្កឱ្យមានទុក្ខវេទនាដែលមិនអាចពណ៌នាបានដល់ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា រួមទាំងការបាត់បង់ជីវិតយ៉ាងច្រើនសន្ធឹកសន្ធាប់ ការផ្លាស់ទីលំនៅ និងការបំផ្លិចបំផ្លាញ។ ប្រជាជនស៊ីវិលនៅតែបន្តរស់នៅក្នុងស្ថានភាពដែលមិនអាចទ្រាំទ្របាន។ ទុក្ខវេទនារបស់ពួកគេក៏ទាមទារឱ្យមានការបញ្ចប់ជាបន្ទាន់ផងដែរ»។
លោកបានកត់សម្គាល់ថា បទឈប់បាញ់ដែលសម្រេចបានកាលពីឆ្នាំមុនបាននាំមកនូវការធូរស្រាលខ្លះ ប៉ុន្តែវាមិនទាន់បានផ្តល់នូវសន្តិសុខ ជំនួយមនុស្សធម៌គ្រប់គ្រាន់ ឬផ្លូវដ៏គួរឱ្យជឿជាក់ឆ្ពោះទៅរកការស្តារឡើងវិញ និងសន្តិភាពនៅឡើយទេ។
លោក ហ្គូធឺរែស បានមានប្រសាសន៍ថា៖ «ខ្ញុំសូមជំរុញឱ្យភាគីទាំងអស់អនុវត្តការប្តេជ្ញាចិត្តរបស់ពួកគេឱ្យបានពេញលេញ និងឈានទៅរកដំណាក់កាលបន្ទាប់នៃបទឈប់បាញ់។ វាដល់ពេលហើយដែលបទឈប់បាញ់ត្រូវក្លាយជាអចិន្ត្រៃយ៍។ វាដល់ពេលហើយដែលត្រូវអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ក្នុងកម្រិតធំ។ ហើយវាដល់ពេលហើយដែលត្រូវគោរពច្បាប់អន្តរជាតិ»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





