យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងមូលដ្ឋានក្រុងសិរីសោភ័ណ
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦-- ដើម្បីចូលរួមកាត់បន្ថយភាពរងគ្រោះដោយឧបទ្ទវហេតុនៅលើដងផ្លូវ លោកស្រី សុខ លាភា នាយិកាប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំកម្លាំងសហការជាមួយមន្ត្រីជំនាញចរាចរណ៍ផ្លូវគោករបស់មន្ទីពាក់ព័ន្ធចុះធ្វើយុទ្ធនាការអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភ្លើងស្តុបមុខសាលាខេត្តបន្ទាយមានជ័យ ក្នុងមូលដ្ឋានក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះ។

ការចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកដែលបានធ្វើដំណើរទៅមកតាមផ្លូវជាតិលេខ៥ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសថ្ងៃឈប់សម្រាក បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងគោលបំណងរក្សាសុខសុវត្ថិភាពចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់គ្នា និងមានការសួរសំណួរស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកធ្វើដំណើរ ចំនួន២០០នាក់ ស្រី៩៥នាក់ និងមានការសួរសំណួរឆ្លើយយករង្វាន់មួកសុវត្ថិភាពដល់អ្នកចូលរួមផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងយុទ្ធនាការនេះបានប្រើប្រាស់សម្ភារៈដូចជា៖ ១- សៀវភៅ អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ចំនួន១០០ក្បាល។ ២- ខិត្តបណ្ណជំនួយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន១០០សន្លឹក។ ៣- ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន០៥ផ្ទាំង។ ៤- ផ្ទាំងរូបភាព និងសញ្ញាចរាចរណ៍សំខាន់ៗចំនួន២០ផ្ទាំង សញ្ញាចរាចរណ៍សំខាន់ៗចំនួន០៥ផ្ទាំង សិទ្ធអាទិភាពនៅផ្លូវប្រសព្វចំនួន០៥ផ្ទាំង ការកំណត់ទំហំទ្រុងរថយន្តនិងការកំណត់ទំហំផ្ទុកទំនិញចំនួន០៥ផ្ទាំង សម្រាប់ថ្មើរជើងចំនួន០៥ផ្ទាំង៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





