អភិបាលស្រុកស្ទោងអំពាវនាវដល់ប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការថែរក្សាសន្តិសន្តិសុខសណ្ដាប់ធ្នាប់សង្គម
AKP កំពង់ធំ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦--លោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីរាជការ បុគ្គលិកប្រតិបត្តិការ និងសហការីចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១១ ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅវត្តព្រំសត្ថារាមស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និងពេញដោយសទ្ធាជ្រះថ្លាដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ វីរកងទ័ព និងយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដី។

សកម្មភាពនៃការចូលរួមនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្រុកក្នុងនាមជាពុទ្ធសាសនិកជនដ៏គំរូចំពោះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំ និងមានអត្ថន័យជ្រាលជ្រៅបំផុតរបស់ជាតិខ្មែរ។

លោកអភិបាលស្រុកបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបន្តរួមជាកម្លាំងសាមគ្គី និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ កិច្ចសហការរវាងប្រជាពលរដ្ឋ និងអាជ្ញាធរគឺជាកត្តាលីករយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងជាគ្រឹះយ៉ាងរឹងមាំក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងភូមិ-ឃុំរបស់ខ្លួនឱ្យមានការរីកចម្រើនជាលំដាប់និងប្រកបដោយចីរភាព។

ក្នុងឱកាសនៃពិធីសូត្រមន្តកាន់បិណ្ឌវេនទី១១ លោកអភិបាលស្រុកបានប្រគេននូវទេយ្យទាន បច្ច័យដល់ព្រះសង្ឃ បច្ច័យសម្រាប់កសាង បច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ និងចែកទានដល់ប្រជាពលរដ្ឋ និងកុមារដែលបានអញ្ជើញនៅក្នុងកម្មវិធីព្រមទាំងឧបត្ថម្ភដល់កងកម្លាំង និងប្រជាការពារសរុបទឹកប្រាក់ចំនួន ៤.៩៦០.០០០រៀល៕
ដោយ ស៊ុម វណ្ណា





