អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវប្រគល់ជូនកងកម្លាំងជួរមុខ និងអង្គភាពស៊ីម៉ាក់ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
AKP ឧត្តរមានជ័យ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦--ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ និងក្រុមការងារ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានជួបសំណេះសំណាល និងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី និងអង្គភាពស៊ីម៉ាក់ ដែលកំពុងឈរជើងបំពេញភារកិច្ចក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

ឯកឧត្តម មាន ចាន់យ៉ាដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ការយកចិត្តទុកដាក់ និងការគាំទ្ររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះកងកម្លាំងជួរមុខ និងក្រុមការងារស៊ីម៉ាក់ ដែលបានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

ឯកឧត្តមបន្តថា អំណោយនេះមិនត្រឹមតែជាការឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រដល់កងកម្លាំងជួរមុខ និងក្រុមការងារស៊ីម៉ាក់ ដែលកំពុងបំពេញភារកិច្ចប្រកបដោយការលះបង់ និងមិនខ្លាចនឿយហត់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ទៀតថា អំណោយ និងការសួរសុខទុក្ខដ៏ថ្លៃថ្លានេះ បានក្លាយជាកម្លាំងចិត្តមួយផ្នែកដ៏សំខាន់ដល់កងកម្លាំង និងក្រុមការងារស៊ីម៉ាក់ ឱ្យបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកថែរក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាព នៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យប្រកបដោយប្រសិទ្ធភាព៕


ដោយ៖ ទិត ស្រ៊





