ឯកឧត្ដម ហ៊ែល តូនី ជួបពិភាក្សាជាមួយតំណាងធនាគារពិភពលោក ស្តីពីវឌ្ឍនភាព និងទិសដៅការងារពាក់ព័ន្ធនឹងអាងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦--ឯកឧត្ដម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារសហប្រតិបត្តិការជំនួយគាំទ្រពីធនាគារពិភពលោក (WB) កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអាជ្ញាធរទន្លេសាប ជួបប្រជុំពិភាក្សាជាមួយតំណាងធនាគារពិភពលោក ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តពាក់ព័ន្ធនឹងរបាយការណ៍ស្ថានភាពអាងទន្លេសាប (State of the Basin Report) និងរបាយការណ៍សន្តិសុខទឹក។

នៅក្នុងកិច្ចប្រជុំនេះដែរ អង្គប្រជុំបានពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗនៅជុំវិញបឹងទន្លេសាប ព្រមទាំងបានផ្ដោតលើការពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ការចែករំលែក និងការធ្វើបច្ចុប្បន្នភាពទិន្នន័យ ការផ្សព្វផ្សាយលទ្ធផលរបាយការណ៍ និងការរៀបចំផែនការគ្រប់គ្រងអាងទន្លេ និងបឹងទន្លេសាបឱ្យកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបជូនថា ជំនួបពិភាក្សានេះក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីប្រែក្លាយលទ្ធផលសិក្សា និងអនុសាសន៍ទៅជាសកម្មភាពជាក់ស្ដែង សំដៅរួមចំណែកដល់ការការពារ ការអភិរក្សធនធានជីវចម្រុះ និងអភិវឌ្ឍន៍តំបន់បឹងទន្លេសាបប្រកបដោយចីរភាព៕

ដោយ៖ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





