លោកជំទាវបណ្ឌិត ដាំ ដារិនី៖ តាមរយៈគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ប្អូនៗសិស្សានុសិស្សមិនត្រឹមតែទទួលបានចំណេះដឹងបន្ថែមប៉ុណ្ណោះទេ
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦–លោកជំទាវបណ្ឌិត ដាំ ដារិនី ប្រធានកម្មវិធីមនសិការពលរដ្ឋល្អបានគូសបញ្ជាក់ថា តាមរយៈគម្រោង
«កម្ពុជាក្នុងបេះដូងខ្ញុំ» ប្អូនៗសិស្សានុសិស្សមិនត្រឹមតែទទួលបានចំណេះដឹងបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអភិវឌ្ឍន៍សមត្ថភាពក្នុងការធ្វើការជាក្រុម ការរៀបចំផែនការ ការដោះស្រាយបញ្ហា និងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងសាលារៀន និងសហគមន៍ដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀតផង។
ក្នុងពិធីបើកការប្រកួតផ្ដាច់ព្រ័ត្រគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អដល់យុវជនតាមគ្រឹះស្ថានសិក្សាឆ្នាំ២០២៦ នៅអគារ The Kampus នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបានលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សឱ្យបន្តយកបទពិសោធ និងមេរៀនទាំងឡាយទៅអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំងរក្សាស្មារតីស្នេហាជាតិ និងការចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យបានល្អ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារថ្នាក់ជាតិ រាជធានី ខេត្តចំនួន១២ លោកគ្រូ អ្នកគ្រូជាគ្រូបង្គោល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធរហូតឈានចូលដល់ការប្រកួតផ្ដាច់ព្រ័ត្រថ្នាក់ជាតិនាពេលនេះ។


បើតាម ឯកឧត្តម សេរី ជំនះ ប្រធានក្រុមការងារបណ្ដុះបណ្ដាលនៃកម្មវិធីមនសិការពលរដ្ឋល្អឱ្យដឹងថា កម្មវិធី «មនសិការពលរដ្ឋល្អ» បានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជាជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងចូលរួមបណ្ដុះបណ្ដាលសមត្ថភាព ឆន្ទៈ និងស្មារតីដល់យុវជនកម្ពុជាឱ្យក្លាយជាពលរដ្ឋល្អប្រកបដោយមនសិការស្នេហាជាតិ និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
កម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនាពេលនេះ គឺជាការប្រកួតប្រជែងរវាងគម្រោងឆ្នើមប្រចាំរាជធានី ខេត្តចំនួន១២ ថ្នាក់ទី១០ ដែលត្រូវបានជ្រើសរើសមកបង្ហាញសមត្ថភាព និងលទ្ធផលនៃការអនុវត្តគម្រោងរបស់ក្រុមនីមួយៗ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





