ពិធីអភិសេកព្រះពុទ្ធបដិមាស្ពាន់ បង្ហាញពីសទ្ធាជ្រះថ្លាក្នុងការលើកស្ទួយព្រះពុទ្ធសាសនា
AKP សៀមរាប ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦---
ពិធីអភិសេកព្រះពុទ្ធបដិមាធ្វើអំពីស្ពាន់មួយអង្គ ដែលជាសទ្ធាជ្រះថ្លារបស់ មហាឧបាសិកា ស៊ិន លំអង ព្រមទាំងកូនចៅ និងក្រុមគ្រួសារ ត្រូវបានប្រារព្ធធ្វើឡើង នៅវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្ត សៀមរាប ដើម្បីឧទ្ទិសថ្វាយជាពុទ្ធបូជា និងរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា។
ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដោយមានព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជនជាច្រើនចូលរួម ដើម្បីអបអរសាទរសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានកើតឡើងដោយកម្លាំងសាមគ្គី និងជំនឿដ៏មុតមាំលើព្រះរតនត្រ័យ។
ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តស្វាយរមៀត បានមានព្រះថេរដីកាថា ការកសាង និងអភិសេកព្រះពុទ្ធបដិមា គឺជាកុសលកម្មដ៏ឧត្តុង្គឧត្តម ដែលកើតចេញពីសទ្ធាជ្រះថ្លា និងការលះបង់ធនធានផ្ទាល់ខ្លួនដើម្បីបម្រើព្រះពុទ្ធសាសនា។ ព្រះអង្គមានព្រះថេរដីកាបន្តថា សមិទ្ធផលព្រះពុទ្ធសាសនាទាំងឡាយ មិនអាចកើតមានឡើងបានឡើយ ប្រសិនបើខ្វះការចូលរួមពីពុទ្ធប រិស័ទដែលមានទឹកចិត្តសប្បុរស និងជឿជាក់លើគុណតម្លៃនៃការធ្វើបុណ្យ។


ព្រះសច្ចានុបាល នឿម វុទ្ធី មានព្រះថេរដីកាទៀតថា ព្រះពុទ្ធបដិមាមិនត្រឹមតែជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃព្រះបញ្ញាញាណ ព្រះមហាករុណា និងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ដែលជួយដាស់តឿនឱ្យមនុស្សគ្រប់រូបប្រព្រឹត្តអំពើល្អ រក្សាសីល និងរស់នៅដោយសុខដុមរមនា។
ព្រះអង្គបានកោតសរសើរចំពោះ មហាឧបាសិកា ស៊ិន លំអង ព្រមទាំងកូនចៅ ដែលបានរួមគ្នាបរិច្ចាគធនធាន និងបង្ហាញនូវសទ្ធាដ៏ប្រពៃក្នុងការកសាងសមិទ្ធផលនេះឡើង ដោយចាត់ទុកថា ជាគំរូដ៏ល្អសម្រាប់ពុទ្ធបរិស័ទជំនាន់ក្រោយ ក្នុងការចូលរួមថែរក្សា និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យបានគង់វង្សយូរអង្វែង។


គួរបញ្ជាក់ថា ពិធីអភិសេកព្រះពុទ្ធបដិមាស្ពាន់នេះ គឺជាសកម្មភាពសាសនាដ៏មានអត្ថន័យមួយ ដែលឆ្លុះបញ្ចាំងពីសទ្ធាជ្រះថ្លា និងការរួមចំ ណែករបស់ពុទ្ធបរិស័ទក្នុងការបន្តថែរក្សា អភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនា ដែលជាបេតិកភណ្ឌខាងស្មារតីដ៏មានតម្លៃរបស់ប្រជាជាតិខ្មែរ៕

ដោយ៖ ឃុត សៅ





