គណៈប្រតិភូសម្ព័ន្ធមេត្រីភាព ក្រសួងទេសចរណ៍ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងជូនពរថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦–ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូសម្ព័ន្ធមេត្រីភាពរវាង ក្រសួងទេសចរណ៍ ជាមួយយោធភូមិភាគទី៤ ដែលបានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពីសំណាក់លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត និងអាជ្ញាធរជាតិអប្សរា ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងសប្បុរសជននានា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានពាំនាំនូវប្រសាសន៍ផ្តៅផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹករបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន និងបណ្តាអង្គភាពចំណុះ យោធភូមិភាគទី៤ទាំងអស់ ។

ក្នុងឱកាសចុះសួរសុខទុក ឯកឧត្តម ហួត ហាក់ បាននាំយកនូវថវិកា គ្រឿងឧបភោគ បរិភោគ ជាច្រើនសន្ធឹកសន្ធាប់ ឧបត្ថម្ភដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ ផងដែរ។


ដោយ៖ សំ សាម៉ន ប្រភពកងទ័ពជើងគោក





