យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា គ្រាប់មីនរបស់កូរ៉េខាងជើងដែលផ្ទុះនៅក្នុងតំបន់គ្មានយោធាត្រូវបានដាក់នៅភាគខាងត្បូងនៃព្រំដែន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ -- យោងតាមការបញ្ជាក់របស់គណៈកម្មាធិការអគ្គសេនាធិការចម្រុះ (JCS) កាលពីថ្ងៃចន្ទ បានឱ្យដឹងថា យោធាកូរ៉េខាងត្បូងបានសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើងបាន «ដាក់»ដោយចេតនានូវគ្រាប់មីនចំនួន ២គ្រាប់ដែលបានផ្ទុះឡើងនៅក្នុងតំបន់គ្មានយោធា (DMZ) កាលពីខែមុន ដោយយោធាបន្ថែមថា ប្រតិបត្តិការរួមជាមួយបញ្ជាការអង្គការសហប្រជាជាតិ (UNC) នៅថ្ងៃនោះបានដោះមីនបន្ថែមទៀតដែលបានដាក់នៅជិតកន្លែងផ្ទុះនោះដោយជោគជ័យ។
មន្ត្រីយោធាកូរ៉េខាងត្បូងចំនួន ៣នាក់បានរងរបួសនៅក្នុងការផ្ទុះដែលបានកើតឡើងកាលពីថ្ងៃទី២១ ខែកញ្ញា។
គ្រាប់មីនរបស់ប្រទេសកូរ៉េខាងជើងតែងតែត្រូវបានគេប្រទះឃើញនៅភាគខាងត្បូងនៃខ្សែព្រំដែនយោធា (MDL) បន្ទាប់ពីវាត្រូវបានទឹកជំនន់ហូរនាំមកដល់តំបន់ភាគខាងត្បូងនៃព្រំដែនរវាងកូរ៉េទាំងពីរ។
យោធាបាននិយាយថា ការវាស់វែងតាមប្រព័ន្ធ GPS បានបង្ហាញថាកន្លែងផ្ទុះទាំងពីរ និងកន្លែងដែលគេរកឃើញគ្រាប់មីនបន្ថែមមួយគ្រាប់ទៀតសុទ្ធតែស្ថិតនៅចម្ងាយប្រហែល ១០ ម៉ែត្រភាគខាងត្បូងនៃខ្សែ MDL ដែលបង្ហាញយ៉ាងច្បាស់ថា ពួកវាត្រូវបាន «ដាក់» នៅទីនោះ ជាជាងការហូរនាំមកដោយទឹកជំនន់។
យោធាបានដោះមីននៅតំបន់ភាគខាងត្បូងនៃខ្សែ MDL នៅវេលាម៉ោងប្រហែល ១២:៥១នាទីរសៀលកាលពីថ្ងៃចន្ទ ហើយបានប្តេជ្ញាថានឹងបន្តប្រតិបត្តិការដោះមីននៅក្នុងតំបន់នោះ ប្រសិនបើប្រទេសកូរ៉េខាងជើងបដិសេធមិនព្រមដោះមីនដែលខ្លួនបានដាក់នៅទីនោះដោយស្ម័គ្រចិត្ត។
លោកឧត្តមសេនីយ៍ឯក វ៉ុន ដេវ៉ុន (Kwon Dae-won) អនុប្រធាន JCS បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យោធាអំពាវនាវយ៉ាងខ្លាំងដល់ប្រទេសកូរ៉េខាងជើង ឱ្យធ្វើការសុំទោសដោយស្មោះស្ម័គ្រចំពោះទាហានកូរ៉េខាងត្បូងដែលរងរបួសក្នុងការផ្ទុះគ្រាប់មីន និងដោះមីនដែលខ្លួនបានដាក់ដោយរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់នោះជាបន្ទាន់»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





