នាយករដ្ឋមន្ត្រីអេស្ប៉ាញប្រកាសរៀបចំការបោះឆ្នោតមុនកាលកំណត់ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ភែដ្រូ សេនឆេស បានប្រកាសរៀបចំការបោះឆ្នោតជាសកលមុនកាលកំណត់ គឺនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ បន្ទាប់ពីសភាបានបដិសេធក្រឹត្យ ស្តីពីលំនៅដ្ឋានចំនួនពីរ ដែលស្នើឡើងដោយរដ្ឋាភិបាលរបស់លោក។
វិធានការដែលត្រូវបានដាក់ចេញជាផ្នែកមួយនៃចំណាត់ការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិលំនៅដ្ឋាននៅអេស្ប៉ាញ ត្រូវបានបោះឆ្នោតច្រានចោលកាលពីថ្ងៃសុក្រ បើទោះបីជាមានកិច្ចចរចានៅនាទីចុងក្រោយដើម្បីស្វែងរកការគាំទ្រឱ្យបានគ្រប់គ្រាន់ពីសភាក៏ដោយ។
លោក សេនឆេស បានចំណាយពេលចុងសប្តាហ៍ដើម្បីពិភាក្សាជាមួយបណ្តារដ្ឋមន្ត្រី និងឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្សសង្គមនិយមរបស់លោក មុនពេលសម្រេចចិត្តមិនបន្តដឹកនាំរដ្ឋាភិបាលរហូតដល់ចប់អាណត្តិ។
ការបរាជ័យនេះបានកើតឡើងបន្ទាប់ពីមានសម្ពាធកើនឡើងជាបន្តបន្ទាប់ទៅលើរដ្ឋាភិបាលចម្រុះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។លោក សេនឆេស បានប្រឈមមុខនឹងករណីពុករលួយដែលពាក់ព័ន្ធនឹងបុគ្គលជិតស្និទ្ធនឹងគណបក្ស PSOE ការបរាជ័យម្តងហើយម្តងទៀតនៅក្នុងសភា និងសំឡេងគាំទ្រភាគច្រើនដែលមានភាពផុយស្រួយ ដែលបង្ខំឱ្យរដ្ឋាភិបាលត្រូវចរចាដើម្បីអនុម័តច្បាប់ម្តងមួយៗ។
រដ្ឋាភិបាលក៏បានទទួលរងការរិះគន់ផងដែរជុំវិញវិបត្តិជនអន្តោប្រវេសន៍នៅតំបន់ Ceuta ដែលជាកន្លែងមានជនអន្តោប្រវេសន៍រាប់ម៉ឺននាក់បានឆ្លងដែនពីប្រទេសម៉ារ៉ុកចូលមកក្នុងតំបន់នោះកាលពីចុងខែកក្កដា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





