ឯកឧត្តម សុខ លូ ជួបសំណេះសំណាលសួរសុខទុក្ខកុមារកំព្រានៅបុរីទី១ និងបុរីទី២
AKP បាត់ដំបង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសប្បុរសជន នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាន មានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗកុមារ កំព្រាទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរៀងៗខ្លួន និងស្តាប់ឱវាទរបស់លោកគ្រូ អ្នកគ្រូឱ្យបានល្អ ព្រមទាំងសំណូមពរដល់លោកគ្រូ អ្នកគ្រូខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនលើក្មួយៗកុមារកំព្រាទាំងអស់ឱ្យបានល្អប្រសើរហើយបង្រៀនដល់ក្មេងៗឱ្យចេះថែរក្សាអនាម័យ ថែរក្សាសុខភាព និងចំណេះជំនាញល្អៗផ្សេងទៀតផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងសប្បុរសជន ក៏បានរៀបចំអាហារពេលល្ងាច និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផ្តល់ជូនដល់មន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រា ក្នុងមណ្ឌលកុមារកំព្រាទី១ និងបុរីទី២ ផងដែរ ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





