សម្តេច ម៉ែន សំអន៖ សូត្រមន្តវេនកាន់បិណ្ឌទី១០ នៅវត្តបទុមវតីរាជវរារាម តាមប្រពៃណីសាសនា
AKP ភ្នំពេញថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦–សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមក្នុងពិធី សូត្រមន្តវេនកាន់បិណ្ឌទី១០ នៅវត្តបទុមវតីរាជវរារាម ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

វេនកាន់បិណ្ឌទី១០នេះ គឺជាវេនរបស់ពុទ្ធបរិសទ័ ចំណុះជើងវត្ដ រួមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងញាត្ដិមិត្ដជិតឆ្ងាយ អាជ្ញាធរដែនដីផងដែរ នៅរសៀលនេះផងដែរសម្ដេចក៏បានអុជទានធូប បូជាផ្កាភ្ញី ថ្វាយ និងបួងសួងរំលឹកដល់គុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ មុននឹងចាប់ ផ្ដើមនមស្សការព្រះរតនត្រៃ។
នៅក្នុងបរិយាកាសប្រកបដោយសទ្ធា និងសេចក្ដីជ្រះថ្លានេះ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះគ្រូ សូធ្យស្តាំ ព្រះចរណវិជ្ជា ចេម ធីរៈ ព្រះគ្រូសូធ្យឆ្វេង នៃវត្តបទុមវតីរាជវរារាម ព្រមទាំងព្រះសង្ឃ ជាច្រើនអង្គ ក៏បានធ្វើ ពិធីសូត្រ មន្តចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល។ គឺមានពិធីសម្តែង ព្រះធម្មវិសេសទេសនា សម្ដែងដោយ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះអគ្គាធិការរង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតផងដែរ ។

ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីចម្បងមួយរបស់ជាតិក្នុងព្រះពុទ្ធសាសនា ប្រជាពលរដ្ឋជាពុទ្ធ បរិស័ទ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ មានចិត្តអំណរសាទរយ៉ាងស្រុះស្រួល និងសាមគ្គីគ្នាធ្វើបុណ្យធ្វើទានដោយសេចក្តីជ្រះថ្លាក្នុងការកាន់បិណ្ឌនេះ នៅតាមទីវត្តអារាមនានា ដើម្បីទទួលយកនូវកុសលផលបុណ្យរៀងៗខ្លួន និងជាការរួមចំណែកលើកស្ទួយ ក៏ដូចជាតម្កើងវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនសុះសាយផងដែរ។

ប្រជាពលរដ្ឋភាគច្រើន បានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាម ពិធីបុណ្យភ្ជុំបិណ្ឌ តែងប្រារព្ធឡើងនៅរៀងរាល់ខែភទ្របទ នៅថ្ងៃ១ រោច រហូតដល់វេលា ១៥ រោច ដែលគុណគូ ទៅតាមប្រតិទិន នៃចន្ទគតិ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ៕
ដោយ៖ សួស សំរិត





