លោក ដូណាល់ ត្រាំ៖ អ៊ីរ៉ង់បានបោះបង់ចោលផែនការទទួលបានអាវុធនុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានទំនុកចិត្តថា អ៊ីរ៉ង់បានបោះបង់ចោលរាល់ផែនការក្នុងការទទួលបានអាវុធនុយក្លេអ៊ែរ។
លោកបានថ្លែងបែបនេះនៅពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននៅឯទីធ្លាខាងត្បូងនៃសេតវិមាន ដោយលោកបាននិយាយថា «ដូចដែលអ្នកបានដឹងហើយថា អ៊ីរ៉ង់ស្ទើរតែបានបោះបង់ចោលរាល់ផែនការផលិតអាវុធនុយក្លេអ៊ែរទៅហើយ»។ អាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ម្តងហើយម្តងទៀតថា ពួកគេមិនមានបំណងចង់ទទួលបានអាវុធនុយក្លេអ៊ែរនោះទេ។
លោក ត្រាំ បានបន្ថែមថា លោកនៅតែត្រូវធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអ្វីឡើយ។ មេដឹកនាំសហរដ្ឋអាមេរិករូបនេះក៏បានលើកឡើងផងដែរថា អ៊ីរ៉ង់ត្រូវបានគេវាយឱ្យបរាជ័យ ហើយបានបង្ហាញទំនុកចិត្តថា ជម្លោះជាមួយសាធារណរដ្ឋអ៊ីស្លាមមួយនេះអាចនឹងបញ្ចប់ទៅក្នុងលក្ខណៈល្អ ឬអាក្រក់។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនៅក្នុងខែមិថុនា ដែលកំណត់ឱ្យមានការបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពប្រយុទ្ធនៅគ្រប់សមរភូមិ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់វិញនៅយប់ថ្ងៃទី០៨ ខែកក្កដា ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទាក់ទងនឹងច្រកសមុទ្រហ័រមុស។
ច្រកសមុទ្រនេះ គឺជាផ្លូវដឹកជញ្ជូនប្រេងប្រហែល ២៥% នៃការជួញដូរប្រេងពិភពលោក និងប្រហែល ២០% នៃការជួញដូរឧស្ម័នធម្មជាតិរាវ (LNG)។ បន្ទាប់មក រដ្ឋបាលសហរដ្ឋអាមេរិកបានបង្ហាញសញ្ញាជាក់ស្តែងអំពីការបញ្ចប់ការប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ហើយងាកទៅរកការប៉ុនប៉ងដាក់សម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមកលើប្រទេសនេះវិញតាមរយៈការដាក់ទណ្ឌកម្ម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)




