គណៈកម្មាធិការត្រួតពិនិត្យរបស់អង្គការ OPEC+ ពិនិត្យមើលទិន្នន័យផលិតកម្មប្រេងសម្រាប់ខែកក្កដា និងខែសីហា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយដែលបានបង្ហោះនៅលើគេហទំព័ររបស់អង្គការ OPEC បានឱ្យដឹងថា គណៈកម្មាធិការត្រួតពិនិត្យថ្នាក់រដ្ឋមន្ត្រីរួមរបស់អង្គការ OPEC+ បានពិនិត្យមើលទិន្នន័យផលិតកម្មប្រេងរបស់សម្ព័ន្ធភាពនេះសម្រាប់ខែកក្កដា និងខែសីហា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដោយបានកត់សម្គាល់ឃើញថា មានការអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង OPEC+ ជារួម។
ដូច្នេះ គណៈកម្មាធិការត្រួតពិនិត្យរបស់ OPEC+ មិនបានស្នើឱ្យមានការផ្លាស់ប្តូរណាមួយចំពោះគោលនយោបាយផលិតកម្មប្រេងរបស់សម្ព័ន្ធភាពនេះទេ។
គណៈកម្មាធិការ OPEC+ ក៏បានបញ្ជាក់ឡើងវិញផងដែរថា ខ្លួននឹងបន្តត្រួតពិនិត្យការអនុលោមតាមផែនការផលិតកម្មដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ក៏ដូចជាការអនុវត្តការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តបន្ថែម ដែលបានប្រកាសដោយប្រទេសជាសមាជិកអង្គការ OPEC+ មួយចំនួន។ លើសពីនេះ គណៈកម្មាធិការត្រួតពិនិត្យថ្នាក់រដ្ឋមន្ត្រីរួមរបស់អង្គការ OPEC+ នៅតែរក្សាសិទ្ធិអំណាចក្នុងការកោះប្រជុំគណៈកម្មាធិការបន្ថែម និងស្នើសុំឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ OPEC+។
កិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការត្រួតពិនិត្យថ្នាក់រដ្ឋមន្ត្រីរួមរបស់ OPEC+ ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





