រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចុះសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានកាំភ្លើងធំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
AKP ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញសួរទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីថ្ងៃទី០៤ ខែតុលាឆ្នាំ២០២៦។
ក្នុងសុន្ទរកថាស្វាគមន៍ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ បានគូសបញ្ជាក់ថា ៖ បញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក បានបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ និងអនុវត្តន៍បទបញ្ជាការក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូន ។

ឧត្តមសេនីយ៍ឯក ពៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ចម និម្មល និងប្រតិភូអមដំណើរដែលតែងតែយកចិត្តទុកដាក់ដឹកនាំប្រតិភូចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធនៃបញ្ជាការដ្ឋានកាំភ្លើងធំ ព្រមទាំងបាននាំយកនូវអំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់មកផ្តល់ជូនដល់កងកម្លាំងផងដែរក្នុងន័យសមរភូមិក្រោយ តែងតែផ្សារភ្ជាប់ជានិច្ចជាមួយសមរភូមិមុខដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។

លោកជំទាវ ចម និម្មល បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងបានគិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារកងទ័ពទាំងអស់។
លោកជំទាវ ចម និម្មល បានថ្លែងអំណរគុណ និងដឹងគុណដល់វីរៈកងទ័ពដោយស្មារតីគោរពស្រឡាញ់ ផ្តល់ការគាំទ្រ និងបន្តលើកទឹកចិត្ត ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន បានខិតខំយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុខឿនការពារជាតិ ប្រជាជន ការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ។

លោកជំទាវ ចម និម្មល និងប្រតិភូអមដំណើរ បានជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ ទាំងអស់ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ សូមឱ្យទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន កម្លាំងខ្លាំងក្លា សុខភាពល្អបរិបូរណ៍ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

ជាមួយគ្នានេះ គណៈប្រតិភូក៏បាននាំយកអំណោយរួមមាន៖
-ម៉ូតូHonda wave ចំនួន ០៥គ្រឿង,សង្កសីពណ៍ត្រេអុីប្រវែង២.៤ម៉ែត្រចំនួន ១០០០សន្លឹក, វិទ្យុទាក់ទងMotorola P8260ចំនួន២០គ្រឿង,តង់(5x7)ចំនួន 50សន្លឹក,ខ្សែរចងតង់ចំនួន១០ដុំ,ធុងចម្រោះទឹកទន្សាយធំចំនួន៣០រ ,ត្រីងៀតចំនួន ៣០គីឡូក្រាម,ឆៃប៉ូវផ្អែមចំនួន៥៥០គីឡូក្រាម ,អង្ករចំនួន៥តោន,ទឹកត្រីចំនួន១០០យួរ,ទឹកអុីវចំនួន១០០យួរ,មីជាតិចំនួន២០០កេស,ថវិកាជូនអង្គភាពចំនួន ១០លានរៀល,ថវិកាសម្រាប់កសាងអណ្តូងទឹក១៥០០ដុល្លារចំនួន១កន្លែង ៕
ដោយ សំ សាម៉ន (ប្រភព៖កងទ័ពជើងគោក)





