លោក ផាង វី នាំយកទេយ្យវត្ថុនិងបច្ច័យរបស់ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា និងលោកជំទាវ វេរប្រគេនព្រះសង្ឃចំនួន៦វត្តនាឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៨ក្នុងឃុំទ្រា
AKPកំពង់ធំថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រាតំណាងឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោងបាននាំយកទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ ភេសជ្ជៈនិងបច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួនវត្ត៦ក្នុងមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ វេនទី៨ថ្ងៃទី៤ខែតុលាឆ្នាំ២០២៦។

លោក ផាង វី និងក្រុមការងារបានចូលក្រាបថ្វាយបង្គំនិងប្រគេនទេយ្យទានដល់ព្រះសង្ឃ ដោយក្នុង១វត្តៗទទួលបាន ស្លាដក់១ អង្ករ១០០គីឡូក្រាម ត្រីខ២ យួរមី២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកសុទ្ធ២កេសទឹកក្រូច២កេស និងបច្ច័យចំនួន១លាន៥សែនរៀល។ ទេយ្យវត្ថុ និងបច្ច័យទាំងនេះគឺជាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់ក្នុងការវេរប្រគេនព្រះចៅអធិការវត្តទាំង៦ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិទាំងប្រាំពីរសន្ដាន ព្រមទាំងវីរកងទ័ពដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។

ទន្ទឹមនឹងនេះលោក ផាង វី បានប្រគេនបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៨៤អង្គដោយក្នុង១អង្គទទួលបានថវិកាចំនួន២ម៉ឺនរៀលព្រមទាំងបានឧបត្ថម្ភដល់លោកអាចារ្យចំនួន២៩នាក់ ក្នុង១នាក់២ម៉ឺនរៀល លោកយាយ លោកតាដែលបានអញ្ជើញចូលរួមចំនួន៥៦០នាក់ ក្នុង១នាក់១ម៉ឺនរៀលនិងក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិក យុវជន និងប្រជាការពារ ចំនួន១២២នាក់ ក្នុង១នាក់ ២ម៉ឺនរៀល ឧបត្ថម្ភក្រុមភ្លេងខ្មែរចំនួន២០ម៉ឺនរៀលព្រមទាំងបានចែកថវិកានិងនំចំណីដល់កុមារាកុមារីផងដែរនិងបានឧបត្ថម្ភអំពូលសូឡាចំនួន១០ឈុតជូនដល់វត្តត្រែង (វត្តព្រះនាងរួសរាយ) ។

ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌគឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃកតញ្ញូកតវេទិតាធម៌ ការគោរពបុព្វបុរស និងសាមគ្គីភាពសង្គម។ការបន្តប្រតិបត្តិពិធីបុណ្យប្រពៃណីនេះគឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិ ក៏ដូចជាព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យគង់វង្សនិងស្ថិតស្ថេរចីរកាល៕

ដោយ៖ ស៊ុម វណ្ណា





