ទឹកជំនន់ប៉ះពាល់ផ្លូវជនបទ ៨ខ្សែ នៅបន្ទាយមានជ័យ ខណៈក្រសួងមន្ទីរអភិវឌ្ឍន៍ជនបទត្រៀមជួសជុលសម្រួលការធ្វើដំណើរ
AKP បន្ទាយមានជ័យ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--ផ្លូវជនបទចំនួន ៨ខ្សែ មានប្រវែងសរុប ៦៧ ១០០ម៉ែត្រ នៅក្នុងខេត្តបន្ទាយមានជ័យ បានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដោយក្នុងនោះតួផ្លូវប្រវែងសរុប ២៥ ៤០០ម៉ែត្រ ត្រូវបានជន់លិច និងតួផ្លូវប្រវែង ៤៥០ម៉ែត្រ ត្រូវបានទឹកហូរកាត់បណ្តាលឱ្យដាច់ ។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យក្នុងឱកាសចុះពិនិត្យផ្លូវរងការខូចខាតនេះ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦បានឱ្យដឹងថា ក្រោយទទួលរងផលប៉ះពាល់ពីទឹកជំនន់ លោកបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្លូវជនបទដែលរងការខូចខាត ដើម្បីវាយតម្លៃផលប៉ះពាល់ និងត្រៀមចាត់វិធានការស្តារ និងជួសជុលឡើងវិញ។

លោកបានបញ្ជាក់ថា ផ្លូវជនបទទាំង ៨ខ្សែ ដែលរងផលប៉ះពាល់ រួមមានទី១. ផ្លូវដុងអារញ្ញ 22-T1 ក្រាលល្បាយក្រួស ប្រវែង ៧ ២០០ម៉ែត្រ ស្ថិតនៅសង្កាត់និម្មិត ក្រុងប៉ោយប៉ែត ត្រូវបានទឹកលិចតួផ្លូវប្រវែង ២ ៣០០ម៉ែត្រ និងដាច់តួផ្លូវប្រវែង ៥០ម៉ែត្រ។ ទី២. ផ្លូវគុត្តសត 803-T2 ក្រាលល្បាយក្រួស ប្រវែង ៩ ៣០០ម៉ែត្រ ស្ថិតក្នុងឃុំគុត្តសត ស្រុកអូរជ្រៅ ត្រូវបានទឹកលិចតួផ្លូវប្រវែង ២ ៦០០ម៉ែត្រ និងដាច់តួផ្លូវប្រវែង ៥០ម៉ែត្រ។ ទី៣. ផ្លូវកូបតូច-យាយអត 2073-T3 ក្រាលល្បាយក្រួស ប្រវែង ៦ ៧០០ម៉ែត្រ តភ្ជាប់ពីសង្កាត់ព្រះពន្លា ទៅឃុំគុត្តសត ស្រុកអូរជ្រៅ ត្រូវបានទឹកលិចតួផ្លូវប្រវែង ២ ០០០ម៉ែត្រ និងដាច់តួផ្លូវប្រវែង ៥០ម៉ែត្រ។

ទី៤. ផ្លូវតាគង់ 23-T1 ក្រាលល្បាយក្រួស ប្រវែង ២៣ ៧០០ម៉ែត្រ តភ្ជាប់ពីឃុំកូប ស្រុកអូរជ្រៅ ទៅឃុំតាគង់ ស្រុកម៉ាឡៃ ត្រូវបានទឹកលិចតួផ្លូវប្រវែង ៣ ០០០ម៉ែត្រ។
ទី៥. ផ្លូវអូរជ្រៅ 764-T1 ក្រាលល្បាយក្រួស និងបេតុង ប្រវែង ៦ ៥០០ម៉ែត្រ ស្ថិតក្នុងឃុំសំរោង ស្រុកអូរជ្រៅ ត្រូវបានទឹកលិចប្រវែង ២ ០០០ម៉ែត្រ។
ទី៦. ផ្លូវនាងកេតុ 49-T3 ក្រាលល្បាយក្រួស ប្រវែង ៣ ៤០០ម៉ែត្រ ស្ថិតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ត្រូវបានទឹកលិចប្រវែង ៣ ២០០ម៉ែត្រ និងដាច់តួផ្លូវប្រវែង ២០០ម៉ែត្រ។
ទី៧. ផ្លូវបត់ត្រង់ធំកើត 55-T4 ក្រាលល្បាយក្រួស ប្រវែង ១ ៩០០ម៉ែត្រ ស្ថិតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ត្រូវបានទឹកលិចប្រវែងទាំងស្រុង ១ ៩០០ម៉ែត្រ។
ទី៨. ផ្លូវឧប្បាទានសហគមន៍ 1992-T4 ក្រាលល្បាយក្រួស ប្រវែង ៨ ៤០០ម៉ែត្រ ស្ថិតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ត្រូវបានទឹកលិចប្រវែងទាំងស្រុង ៨ ៤០០ម៉ែត្រ និងដាច់តួផ្លូវប្រវែង ១០០ម៉ែត្រ។
លោក ជាយុទ្ធារុណ បានបន្ថែមថា ផ្លូវដែលរងផលប៉ះពាល់ និងខូចខាតទាំងនេះក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នឹងរៀបចំជួសជុល និងស្តារឡើងវិញនាពេលខាងមុខ បន្ទាប់ពីស្ថានភាពទឹកអំណោយផល ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានងាយស្រួលឡើងវិញ និងជាពិសេសសម្រួលដល់ការដឹកជញ្ជូនកសិផលពីតំបន់ផលិតកម្មទៅកាន់ទីផ្សារ។

ការចុះពិនិត្យ និងត្រៀមជួសជុលផ្លូវរងផលប៉ះពាល់នេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធជនបទឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ដោយផ្តោតសំខាន់លើការធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ការរក្សាលំហូរនៃការដឹកជញ្ជូន និងការគាំទ្រជីវភាពប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដែលពឹងផ្អែកលើផ្លូវជនបទសម្រាប់ដឹកជញ្ជូនកសិផលរបស់ខ្លួន៕
ដោយ៖ ឈុន សារ៉ាត





