សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពិភពលោកទទួលស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈនយោបាយឈ្នះ-ឈ្នះ
AKP ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សហគមន៍អន្តរជាតិបានសម្តែងការទទួលស្គាល់យ៉ាងច្បាស់ចំពោះកម្ពុជា តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន។

ថ្លែងក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី បានលើកឡើងថា មិនថាក្នុងបរិបទកម្ពុជា ឥណ្ឌូចិន ឬតំបន់អាស៊ានទាំងមូលនោះទេ អតីតយុទ្ធជនត្រូវបានចាត់ទុកជា «ប្រតិបត្តិករការពារប្រវត្តិសាស្ត្រ» ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងជាអ្នកធានាសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ជាតិដែលសមស្របទៅនឹងបរិបទប្រវត្តិសាស្ត្រ និងវប្បធម៌នៃសង្គមរៀងៗខ្លួន។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖ «សម្រាប់ព្រះរាជាណាចក្រកម្ពុជា សន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញនាពេលនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ។ ពិភពលោកទាំងមូលបានទទួលស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន»។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា នយោបាយឈ្នះ-ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ ដោយនាំមកនូវឯកភាពជាតិ ឯកភាពទឹកដី និងសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រប្រមាណ ៥០០ឆ្នាំចុងក្រោយ។ ក្នុងនោះ អតីតយុទ្ធជន និងនិវត្តជន គឺជាប្រតិបត្តិករផ្ទាល់ដែលបានលះបង់ និងបើកបេះដូងទទួលយកស្មារតីបង្រួបបង្រួមជាតិ «ឈ្នះ-ឈ្នះ គ្មានអ្នកចាញ់» ដោយមិនបានបាញ់កាំភ្លើងសូម្បីតែមួយគ្រាប់។
ជាមួយគ្នានេះ សម្តេចធិបតី បានបកស្រាយបន្ថែមថា ពាក្យស្លោក «អរគុណសន្តិភាព» ត្រូវ បានបង្កើតឡើងដើម្បីបំផុសស្មារតីជាតិឱ្យស្រឡាញ់ យល់ដឹង និងចូលរួមថែរក្សាសន្តិភាព។ ទន្ទឹមនឹងនេះ ពាក្យស្លោកនេះក៏ជាការសម្តែងនូវការដឹងគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងគ្រឹះសន្តិភាពយ៉ាងរឹងមាំ ជូនមាតុភូមិដែលធ្លាប់តែរងទុក្ខវេទនាដោយសារវិបត្តិប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





