ប្រតិភូខេត្តបាត់ដំបង សួរសុខទុក្ខ កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ
AKP បាត់ដំបង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--ប្រតិភូខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តបានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជាការបន្តប្រពៃណីដែលរដ្ឋបាលខេត្តបានអនុវត្តជាប្រចាំដើម្បីតភ្ជាប់ និងពង្រឹង "សមរភូមិក្រោយ" ជាមួយនឹង "សមរភូមិមុខ" ព្រមទាំងបង្ហាញការយកចិត្តទុកដាក់ចំពោះកងទ័ពដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែន។

ឯកឧត្តមបានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានខិតខំការពារធនធានធម្មជាតិ ជាពិសេសមច្ឆាជាតិនៅតំបន់បឹងទន្លេសាបដែលធ្វើឱ្យភោគផលត្រីមានការកើនឡើងជាបន្តបន្ទាប់ឡើងវិញ។ កងកម្លាំងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួបរួមគ្នាជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

តំណាងកងកម្លាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូរដ្ឋបាលខេត្តបាត់ដំបងដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញមកសំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំងឈរជើងការពារព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងមនោសញ្ចេតនាផ្សារភ្ជាប់សមរភូមិ ក្រោយ និងសមរភូមិមុខ។ជាក់ស្ដែងនៅគ្រប់រដូវកាលបុណ្យប្រពៃណីជាតិ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ និងសភាពការណ៍ចាំបាច់ប្រតិភូរដ្ឋបាលខេត្តតែងតែអញ្ជើញចុះមកសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគមកផ្តល់ជូនដល់កម្លាំងសម្រាប់ជួយពង្រឹងទ្រទ្រង់ដល់ប្រព័ន្ធប្រៀបការពារជាតិ ការលើកស្ទួយដល់ជីវភាព ការងារសតិអារម្មណ៍ដល់កងកម្លាំង និងគ្រួសារកងកម្លាំង ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





