លទ្ធផលការប្រកួតប្រជែងតែងនិពន្ធពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត និងស្មូតកំណាព្យពានរង្វាន់ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦-- ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានធ្វើការប្រកាសលទ្ធផលការប្រកួតប្រជែងតែងនិពន្ធពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត និងស្មូតកំណាព្យពានរង្វាន់ព្រះភិរម្យភាសាអ៊ូ ហៅ
ង៉ុយ ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ឆ្នាំ២០២៦ ដោយកម្មវិធីប្រកួតប្រជែងទាំងពីរនេះរៀបចំឡើង ដើម្បីចូលរួមចំណែកលើកស្ទួយ និងអភិរក្សអក្សរសាស្ត្រ និងភាសាខ្មែរ រំលឹកគុណ និងស្នាដៃវីរជនអក្សរសាស្ត្រជាតិ តាមរយៈការលើកទឹកចិត្ត និងផ្តល់វេទិកាដល់កវី និងអ្នកស្មូត ក៏ដូចជាបង្កើតឱកាសសម្រាប់អ្នកដែលមានទេពកោសល្យលើផ្នែកតែងនិពន្ធ និងស្មូតកំណាព្យបានបង្ហាញសមត្ថភាពទទួលបានការទទួលស្គាល់ និងពានរង្វាន់ ហើយកម្មវិធីនេះក៏មានគោលដៅជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរចាប់អារម្មណ៍ បណ្ដុះស្មារតីស្រឡាញ់ និងចូលរួមក្នុងការតែងនិពន្ធ ដើម្បីថែរក្សាអក្សរសាស្ត្រជាតិឱ្យបានគង់វង្ស និងរីកចម្រើន។

នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តរៀបចំកម្មវិធីនេះឱ្យដំណើរការទៅដោយរលូន និងជោគជ័យជារៀងរាល់ឆ្នាំ ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមប្រកួតយ៉ាងផុសផុលពីសំណាក់បេក្ខជនជាគ្រូបង្រៀនទាំងអស់មកពីទូទាំងប្រទេស ដែលនេះពិតជាសបញ្ជាក់ពីសមានចិត្តស្រឡាញ់អភិរក្សអក្សរសាស្ត្រ និងវប្បធម៌ជាតិខ្មែរយើងចេញពីក្រអៅបេះដូង ដែលជាគុណតម្លៃមិនអាចកាត់ថ្លៃបានក្នុងនាមជាគ្រូបង្រៀន ជាសរសៃឈាមនៃកំណែទម្រង់អប់រំទាំងមូល។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងន័យនេះ សម្រាប់ទិវាគ្រូបង្រៀនឆ្នាំ២០២៦នេះ ក្រសួងបានកំណត់យកប្រធានបទ «គ្រូបង្រៀន ជាសសរស្ដម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» ដែលឆ្លុះបញ្ចាំងអំពីតួនាទីស្នូលរបស់គ្រូបង្រៀនក្នុងការបណ្តុះសម្បទាគ្រប់ជ្រុងជ្រោយដល់យុវជន ដើម្បីអាចឆ្លើយតបទៅនឹងបរិបទពិភពលោកដែលកំពុងប្រែប្រួលឥតឈប់ឈរ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាពនៃកំណែទម្រង់គ្រូបង្រៀន ដោយក្នុងអំឡុងជាង២ទសវត្សមកនេះកម្ពុជាបានបន្តកែលម្អគោលនយោបាយគ្រូបង្រៀន បានដំឡើងប្រាក់បៀវត្សគ្រូបង្រៀន ដែលជួយសម្រួលដល់ជីវភាពគ្រូបង្រៀន ទាក់ទាញអ្នកមានទេពកោសល្យ និងសមត្ថភាពធ្វើជាគ្រូបង្រៀន ជំរុញកំណែទម្រង់ប្រព័ន្ធបណ្តុះបណ្តាល និងអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូ បន្តលើកកម្ពស់គុណវុឌ្ឍិ កិត្តិយស និងគុណតម្លៃរបស់គ្រូបង្រៀននៅក្នុងសង្គម។

សូមជម្រាបថា បេក្ខជនជ័យលាភីថ្នាក់ជាតិផ្នែកតែងនិពន្ធពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត មាន ជ័យលាភីលេខ១ លោក ជួន ខ្មៅ គ្រូបង្រៀននៅវិទ្យាល័យ ច.ប. ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ជ័យលាភីលេខ២ លោក ឃុន ផានិត គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប ជ័យលាភីលេខ៣ លោក សោ គឹមស្រូយ គ្រូបង្រៀននៅសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន អង្គចង្អេរ ខេត្តតាកែវ។ រីឯផ្នែកស្មូតកំណាព្យពានរង្វាន់ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ជ័យលាភីលេខ១ លោក រួញ ភារិន គ្រូបង្រៀននៅសាលាបឋមសិក្សាទ្រុងខ្លា ខេត្តបាត់ដំបង ជ័យលាភីលេខ២ លោក ភឿន សុផល គ្រូបង្រៀននៅវិទ្យាល័យអង្គរជុំ ខេត្តសៀមរាប ជ័យលាភីលេខ៣ លោក ពៅ សុខចាន់ គ្រូបង្រៀននៅអនុវិទ្យាល័យចំរើនវិជ្ជា ខេត្តត្បូងឃ្មុំ៕
ដោយ៖ ចាន់ សុភឿន ប្រភព៖ ក្រសួងអប់រំ





