លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
AKP កំពង់ធំ ទី៤ ខែតុលា ឆ្នាំ២០២៦-- លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយផែនការការងារសំខាន់ៗពាក់ព័ន្ធនឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនដល់កងកម្លាំងនគរបាលចំនួន២១០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តថ្ងៃទី៤ខែតុលាឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយ និងដាក់ចេញនូវផែនការការងារសំខាន់ៗ ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្សព្វផ្សាយដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់យកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ថា ផែនការសំខាន់ៗដែលត្រូវផ្សព្វផ្សាយក្នុងកិច្ចប្រជុំនេះ រួមមាន៖ ១. ការការពារសន្តិសុខ សុវត្ថិភាព ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។ ២. ការងារប្រឆាំងព័ត៌មានក្លែងក្លាយ។ ៣. ការងារការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយប្រើប្រាស់ផែនការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីធានាឱ្យបណ្តាព្រឹត្តិការណ៍សំខាន់ៗខាងលើនេះ ប្រព្រឹត្តទៅដោយមានភាពរលូន និងសុខសុវត្ថិភាព។
ទន្ទឹមនឹងថ្ងៃបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ លោកស្នងការបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំផែនការងារជំនាញ លោកអធិការនគរបាលក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨១ឃុំ-សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់លើការងារបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសលួច ឆក់ ប្លន់ ក្មេងទំនើង និងបទល្មើសគ្រឿងញៀន ដោយត្រូវរួមគ្នាគិត រួមគ្នាអនុវត្ត ដើម្បីទប់ស្កាត់ និងកាត់បន្ថយបទល្មើសដែលអាចកើតមានក្នុងមូលដ្ឋាន។

លោកឧត្តមសេនីយ៍ទោស្នងការបានណែនាំឱ្យយកចិត្តទុកដាក់លើការងារសណ្តាប់ធ្នាប់សាធារណៈ ដោយត្រៀមកម្លាំងជួយសម្រួលចរាចរណ៍ នៅតាមដងផ្លូវ ដែលមានការធ្វើដំណើរយ៉ាងមមាញឹក និងចុះរៀបចំសណ្តាប់ធ្នាប់នៅតាមវត្តអារាម រមណីយដ្ឋាន មណ្ឌលកម្សាន្ត និងទីប្រជុំជននានា ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនិងបានណែនាំឱ្យបង្កើនប្រសិទ្ធភាពនិងល្បឿនក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ រួមមាន÷សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានរហ័ស និងទាន់ពេលវេលា ដើម្បីបង្កភាពងាយស្រួល និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ពង្រឹងការងារប្រចាំបញ្ជា និងកម្លាំងអន្តរាគមន៍ ដោយរៀបចំផ្លាស់ប្តូរវេនប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នៅតាមអង្គភាពក្រុង-ស្រុកនីមួយៗ ព្រមទាំងត្រៀមកម្លាំង និងសម្ភារ: មធ្យោបាយ ដើម្បីត្រៀមអន្តរាគមន៍ និងប្រតិបត្តិការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានទាន់ពេលវេលា៕
ដោយ ស៊ុម វណ្ណា





