រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យមណ្ឌលសុខភាពរហាត់ទឹក ជំរុញបន្តសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទោះកំពុងរងការជន់លិច
AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ -- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួង បានចុះពិនិត្យស្ថានភាពវិវត្តន៍ជាក់ស្តែងនៃមណ្ឌលសុខភាពរហាត់ទឹក ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ដោយផ្តោតជាសំខាន់លើការការពារសុវត្ថិភាពសម្ភារ បរិក្ខារវេជ្ជសាស្ត្រ និងការធានាឱ្យសេវាសុខាភិបាលសារវន្ត័នៅតែបន្តផ្តល់ជូនប្រជាពលរដ្ឋខាភិបាល កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលដែលកំពុងបំពេញភារកិច្ចនៅក្នុងស្ថានភាពលំបាក។ ឯកឧត្តមបានថ្លែងការកោតសរសើរ និងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដែលនៅតែបន្តយកចិត្តទុកដាក់ផ្តល់សេវាពិនិត្យ ថែទាំ និងព្យាបាលប្រជាពលរដ្ឋដោយក្តីមេត្តា និងករុណា ទោះបីមូលដ្ឋានកំពុងប្រឈមនឹងផលលំបាកដោយសារទឹកជំនន់ក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់បុគ្គលិកសុខាភិបាល ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សា និងការពារសម្ភារៈ បរិក្ខារ ឱសថ និងឧបករណ៍វេជ្ជសាស្ត្រឱ្យបានល្អប្រសើរ ដើម្បីចៀសវាងការខូចខាត និងធានាថាធនធានសុខាភិបាលទាំងនេះ អាចប្រើប្រាស់បានជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាបន្តទៀត។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានណែនាំឱ្យមានការសហការយ៉ាងជិតស្និទ្ធរវាងមូលដ្ឋានសុខាភិបាល និងការិយាល័យស្រុកប្រតិបត្តិ ដែលមានទីតាំងនៅតំបន់ខ្ពស់ និងមានសុវត្ថិភាព ដើម្បីផ្ទេរឱសថ បរិក្ខារ និងសម្ភារៈចាំបាច់ទៅរក្សាទុកនៅទីតាំងសុវត្ថិភាព ដោយត្រូវរៀបចំបញ្ជីកត់ត្រាឱ្យបានច្បាស់លាស់។

លើសពីនេះ ក្នុងករណីចាំបាច់ ឱសថ និងបរិក្ខារដែលបានផ្ទេរទៅរក្សាទុកនៅទីតាំងសុវត្ថិភាព អាចត្រូវបានយកទៅប្រើប្រាស់ ដើម្បីឆ្លើយតបនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋនៅតាមលំនៅដ្ឋាន ជាពិសេសអ្នកជំងឺដែលមិនអាចធ្វើដំណើរមកកាន់មណ្ឌលសុខភាពបានដោយសារស្ថានភាពទឹកជំនន់។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាបន្តសេវាសុខាភិបាលសារវន្ត័ក្នុងអំឡុងពេលមានគ្រោះទឹកជំនន់ផងដែរ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋបាត់បង់ឱកាសទទួលបានសេវាសុខភាពចាំបាច់នោះឡើយ។ ក្នុងន័យនេះ សេវាសុខាភិបាលសំខាន់ៗ រួមមាន ការផ្តល់ថ្នាំព្យាបាលជំងឺលើសឈាម ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ការពិនិត្យផ្ទៃពោះ សេវាសម្រាលបុត្រ ការចាក់ថ្នាំបង្ការ និងសេវាសុខាភិបាលចាំបាច់ផ្សេងៗ ត្រូវបន្តផ្តល់ជូនប្រជាពលរដ្ឋតាមលទ្ធភាព ដើម្បីធានាការថែរក្សា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ការដាក់ចេញនូវវិធានការទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល ក្នុងការធានាឱ្យប្រព័ន្ធសុខាភិបាលនៅមូលដ្ឋានមានភាពធន់ និងអាចបន្តដំណើរការបាន ទោះបីកំពុងប្រឈមនឹងគ្រោះធម្មជាតិ។ ជាពិសេស សេវាសុខាភិបាលត្រូវតែអាចឆ្លើយតបបានទាន់ពេលវេលា ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលអាចកើតមានឡើងដោយមិនបានព្រាងទុកក្នុងអំឡុងពេលមានទឹកជំនន់។
ជាមួយគ្នានេះ ការបន្តផ្តល់សេវាសុខាភិបាលនៅក្នុងស្ថានភាពគ្រោះទឹកជំនន់ ក៏ជាកត្តាសំខាន់មួយក្នុងការកាត់បន្ថយហានិភ័យសុខភាពសាធារណៈ ព្រោះប្រជាពលរដ្ឋ ជាពិសេសកុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ នៅតែត្រូវការការថែទាំ និងការទទួលបានថ្នាំជាប្រចាំ ទោះបីការធ្វើដំណើរទៅកាន់មូលដ្ឋានសុខាភិបាលមានការលំបាកក៏ដោយ។


តាមរយៈការចុះពិនិត្យដោយផ្ទាល់ និងការដាក់ចេញនូវការណែនាំជាក់ស្តែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់ពីការផ្តោតសំខាន់របស់ក្រសួងសុខាភិបាលលើការការពារសុវត្ថិភាពធនធានសុខាភិបាល ព្រមទាំងការធានាឱ្យប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់ នៅតែអាចទទួលបានសេវាសុខាភិបាលចាំបាច់ និងទាន់ពេលវេលា ស្របតាមស្ថានភាពជាក់ស្តែង៕
ដោយ៖ ឈុន សារ៉ាត





