លោក ថាំង វីយុទ្ធដា ណែនាំដល់ក្រុមការងារអាជ្ញាធរឃុំបន្ទាយស្ទោង ត្រូវបិទបើកទ្វារសំណង់ស្ទាក់ទឹកចន្លុះឱ្យបានត្រឹមត្រូវ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្រោចស្រព និងបញ្ចៀសទឹកជំនន់
AKP កំពង់ធំ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦-- លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មសំណង់នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានណែនាំដល់ក្រុមការងារ អាជ្ញាធរឃុំបន្ទាយស្ទោង ត្រូវបិទបើកទ្វារសំណង់ស្ទាក់ទឹកចន្លុះឱ្យបានត្រឹមត្រូវ ដើម្បីធានាការផ្គត់ផ្គង់ទឹក និងបញ្ចៀសទឹកជំនន់ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់សំណង់ស្ទាក់ទឹកចន្លុះកាត់ស្ទឹងស្ទោង កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

លោក ថាំង វីយុទ្ធដា បានសង្កត់ធ្ងន់ថា សំណង់ស្ទាក់ទឹកនេះអាចស្តុកទុកទឹកបានជាច្រើនលានម៉ែត្រគូប និងផ្គត់ផ្គង់ដល់កសិករធ្វើស្រែប្រាំង និងចម្ការច្បាប់ដំណាំបានជាច្រើនរយហិចតា និងជាប្រព័ន្ធពង្វៀងរំដោះទឹកជំនន់មិនឱ្យជនលិចទីរួមស្រុកស្ទោងយ៉ាងសកម្មផងដែរ។

លោកបញ្ជាក់បន្ថែមថា ក្រុមការងារត្រូវតែមានភាពប្រាកដប្រជា និងច្បាស់លាស់បំផុតក្នុងការសិក្សាពីបរិមាណទឹកដែលធ្លាក់ពីអាងទឹក៣០ កញ្ញាក៏ដូចជាបរិមាណទឹកភ្លៀង ដើម្បីធ្វើការបិទឬបើកក្នុងស្ថានភាពជាក់លាក់បំផុត។ លើសពីនេះលោកក៏គ្រោងនឹងសិក្សាបន្ថែមពីប្រព័ន្ធស្រោចស្រពថ្មីៗបន្ថែមទៀតដើម្បីធានាបាននូវការស្រោចស្រពដល់គ្រប់ស្រែស្រូវកសិករ និងការរំដោះទឹកជំនន់បានប្រសើរជាងមុនថែមទៀត។


ឆ្លៀតក្នុងឱកាសនោះ លោក ថាំង វីយុទ្ធដា បានចាត់ក្រុមការងារនាំយកទេយ្យវត្ថុ និងបច្ច័យដ៏ថ្លៃថ្លារបស់ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា វេរប្រគេនព្រះសង្ឃចំនួន៥វត្ត នាឱកាសកាន់បិណ្ឌវេនទី៧ក្នុងឃុំបន្ទាយស្ទោងដោយចំណាយថវិកាសរុបទាំងក្រុមការងារថ្នាក់ជាតិ និងក្រុមការងារឃុំជាង១៤លានរៀល និងបានប្រគល់នូវកាណូត១គ្រឿងប្រវែង៦,១០ម៉ែត្រ កម្លាំងម៉ាស៊ីន២៥សេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបន្ទាយស្ទោងដើម្បីបម្រើក្នុងការសង្គ្រោះពលរដ្ឋពីបញ្ហាទឹកជំនន់និងការល្បាតបង្ក្រាបទល្មើសផ្សេងៗ៕
ដោយ ស៊ុម វណ្ណា





