ស.ស.យ.ក. បន្ទាយមានជ័យ ចុះដល់ខ្នងផ្ទះពលរដ្ឋរងគ្រោះដោយទឹកជំនន់១៥០គ្រួសារ នៅស្រុកមង្គលបូរី បង្ហាញស្មារតីសាមគ្គី និងការមិនទុកឱ្យប្រជាពលរដ្ឋនៅឯកោ
AKP បន្ទាយមានជ័យ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦-- ខណៈស្ថានភាពទឹកជំនន់នៅតាមតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ នៅបន្តបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្មារតីសាមគ្គី និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅតែបន្តបង្ហាញយ៉ាងច្បាស់តាមរយៈសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។

ជាក់ស្ដែង នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោក កែ សួន សុភាព សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១៥០គ្រួសារ ដល់តាមខ្នងផ្ទះ ស្ថិតនៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សកម្មភាពនេះបានបង្ហាញឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់យុវជន ក្នុងបេសកកម្មមនុស្សធម៌ និងការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងស្មារតីថា «ការសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល» ជាពិសេសនៅពេលដែលប្រជាពលរដ្ឋកំពុងប្រឈមការលំបាកដោយសារគ្រោះមហន្តរាយធម្មជាតិ។
លោក កែ សួន សុភាព បានមានប្រសាសន៍ថា ការចុះជួបសួរសុខទុក្ខ និងនាំយកអំណោយដល់ខ្នងផ្ទះប្រជាពលរដ្ឋ មិនត្រឹមតែជាការផ្ដល់ស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ដល់កម្លាំងចិត្ត ក្តីសង្ឃឹម និងបង្ហាញថា ប្រជាពលរដ្ឋមិនត្រូវបានទុកឱ្យនៅឯកោឡើយ នៅពេលជួបការលំបាក។ សាមគ្គីភាព និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គឺជាកត្តាសំខាន់ក្នុងការជួយសម្រាលបន្ទុក និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ជាក់ស្ដែងពីគ្រោះទឹកជំនន់។ លោកក៏បានអំពាវនាវឱ្យយុវជន និងសង្គមទាំងមូល បន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីឱ្យប្រជាពលរដ្ឋអាចឆ្លងផុតវិបត្តិនេះបានដោយសុវត្ថិភាព។

សកម្មភាពមនុស្សធម៌នាពេលនេះ មានការចូលរួមពីអនុប្រធាន ស.ស.យ.ក. ខេត្ត សមាជិកអចិន្ត្រៃយ៍ ប្រធាន ស.ស.យ.ក. តាមវិស័យមន្ទីរ-អង្គភាព ប្រធាន-អនុប្រធានផ្នែកទាំង៨ អនុប្រធាន សមាជិក សមាជិកា ស.ស.យ.ក. ស្រុកមង្គលបូរី ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រជាការពារភូមិផងដែរ។
អំណោយដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារ រួមមាន អង្ករ១០គីឡូក្រាម ទឹក Yeo’s ១កេស ទឹកសុទ្ធ២យួរ ឃីតសម្ភារប្រើប្រាស់១ថង់ និងសារុង ១។ ដោយឡែក លោកប្រធាន ស.ស.យ.ក. ខេត្ត ក៏បានឧបត្ថម្ភជូនកម្លាំងប៉ូលិស និងប្រជាការពារចំនួន ២០នាក់ ដោយម្នាក់ទទួលបានសារុង ១ និងទឹកសណ្ដែក Yeo’s ១កេសផងដែរ។

ប្រជាពលរដ្ឋដែលទទួលបានអំណោយ បានសម្ដែងនូវក្ដីរំភើប និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងក្រុមយុវជន ដែលបានចុះដល់មូលដ្ឋាន និងនាំយកជំនួយមកជួយទាន់ពេលវេលា។ ទោះបីជាអំណោយមិនមានច្រើនក្តី ប៉ុន្តែបានបង្ហាញពីទឹកចិត្ត សេចក្ដីស្រឡាញ់ និងស្មារតីរួមសុខរួមទុក្ខ ដែលជាកម្លាំងជំរុញឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងអាចបន្តឆ្លងកាត់ស្ថានភាពលំបាកនេះបាន៕
ដោយ ឈុន សារ៉ាត





