អភិបាលរងខេត្តកំពង់ធំដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកាន់បិណ្ឌវេនទី៨ ក្នុងវត្តឥន្ទ្រីយ៍សំវរៈដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងវីរកងទ័ពដែលពលីក្នុងបុព្វហេតុជាតិ
AKP កំពង់ធំ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦-- លោកស្រី លំ គន្ធារី អភិបាលរងខេត្តតំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំបានដឹកនាំមន្ត្រីរាជការនៅតាមស្ថាប័ន មន្ទីរ អង្គភាព និងពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីយ៍សំវរៈ (វត្តកំពង់ធំ) ស្ថិតក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកស្រី លំ គន្ធារី និងមន្ត្រីក្រោមឱវាទ បានអុជទៀនធូប ថ្វាយបង្គំព្រះពុទ្ធបដិមានិងព្រះសង្ឃ ព្រមទាំងសមាទានសីលរម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាលដែលបន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់បានគោរពប្រតិបត្តិជាដ៏រាបរៀងមក និងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ។

លោកស្រីអភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍជាបន្តបន្ទាប់ ប្រជាពលរដ្ឋទទួលបានសិទ្ធិខាងជំនឿសាសនា មានឱកាសធ្វើបុណ្យទានតាមទំនៀមទម្លាប់ដូចនេះប្រជាពលរដ្ឋទាំងអស់ត្រូវតែរក្សាការពារនូវសុខសន្តិភាពជារៀងរហូតតទៅ ដើម្បីប្រទេសមានការអភិវឌ្ឍ។

ព្រះទេពសត្ថា សៀង សុខ ព្រះមេគណខេត្តកំពង់ធំ មានសង្ឃដឺកាថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យនានា។ ក្នុងពិធីបុណ្យនេះ ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស តែងតែគោរពប្រតិបត្តិនូវទំនៀមទម្លាប់ ប្រកាន់ភ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យ ធ្វើទាននៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗជារៀងរាល់ឆ្នាំ។សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយបិណ្ឌ១ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃភ្ជុំបិណ្ឌធំ គឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕
ដោយ ស៊ុម វណ្ណា





