អាជ្ញាធររាជធានីភ្នំពេញបន្ដបាញ់ថ្នាំសម្លាប់មូសខ្លាបង្ការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦--រដ្ឋបាលរាជធានីភ្នំពេញបន្តបើកយុទ្ធនាការបាញ់សម្លាប់មូសខ្លា បង្ការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ តាមសហគមន៌នានា ទូទាំងរាជធានីភ្នំពេញ ដោយក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញដើម្បីលើកកម្ពស់សុខមាភាព ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ក្នុងយុទ្ធនាការបន្តបាញ់ថ្នាំសម្លាប់មូល នៅតាមខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ចាប់ផ្តើមពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះតទៅដែលពិធីនេះធ្វើឡើងនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះក្រោមអធិតីលោក ពេញ ធារម្យ អភិបាលរងតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។
យុទ្ធនាការនេះធ្វើឡើងដោយអនុវត្តតាមការណែនាំនិងចង្អុលបង្ហាញ ពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលមានការយកចិត្តទុកដាក់ និងគិតគូរបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើង អំពីការលុបបំបាត់ជម្រកមូសខ្លានិងវិធានការការពារ ក៏ដូចជាការបង្ការនានា។


លោកវេជ្ជបណ្ឌិត ងី មានហេង បានឱ្យដឹងថា សំបុកធំរបស់មូស គឺជាពាងទឹក និងអាងទឹក ដូច្នេះដើម្បីបំបាត់ជម្រកមូសខ្លាបាន យើងត្រូវយកអាបែតទៅដាក់នៅពាងទឹក និងអាង ទឹក។ មិនត្រឹមតែប៉ុណ្ណោះ ទីណាមានទឹកថ្លា ក៏មូសអាចពងបានដែរ ដូចជាទឹកភ្លៀងដក់នៅនឹងចានស្នោ សំបកថង់ប្លាស្ទិក កង់ឡាន ដែលទុកហាលភ្លៀងជាដើម ។
លោកវេជ្ជបណ្ឌិត បានរំលឹកថា កុំមើលរំលងរបស់តូចៗខាងលើនេះ ព្រោះរបស់ទាំអស់នេះ សុទ្ធតែអាចក្លាយជាជម្រកមូសខ្លា ក្រោយពេលភ្លៀងធ្លាក់ ជាពិសេសត្រូវអនុវត្តរក្សា នូវវិធានការអនាម័យ ជុំវិញលំនៅឋានជាប្រចាំ ខណៈអ្នកអនុវត្ត មិនមែនត្រឹមជាមន្ត្រីសុខាភិ បាលទេ គឺត្រូវការការចូលរួមពីសហគមន៍ សមាជិកគ្រប់រូបនៅសហគមន៍ រាប់ទាំងក្រុមប្រឹក្សាសង្កាត់ រាប់ទាំងមន្ត្រីរដ្ឋបាលសង្កាត់ មន្ត្រីភូមិ ធ្វើយ៉ាណាងរក្សាអនាម័យភូមិ អនាម័យមូលដ្ឋាន ។
កន្លងមកប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែង និងអរគុណចំពោះឯកឧត្ដមអភិបាលរាជធានីភ្នំពេញដែលបានចាត់ចែងក្រុមគ្រូពេទ្យនៃកងកម្លាំងអង្គភាព៧១១ កងពលតូចលេខ៧០និងមន្ទីរសុខាភិបាលរាជធានី ឱ្យចុះបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីការគិតគូរពីសុខមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ។


លោក ពេញ ធារម្យ អភិបាលរង បានឱ្យដឹងថា យុទ្ធនាការនេះមិនមែនជាលើកទី១ទេ ពោលកន្លងមកអាជ្ញាធររាជធានីភ្នំពេញ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនេះជាប់ជាប្រចាំ បន្ថែមលើនេះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ចូលរួមក្នុងយុទ្ធនាការបាញ់ ថ្នាំសម្លាប់មូស ជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងនាមអ្នកជាចែករំលែក ពីវិធានការបង្ការ និងការការពារ ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាពលរដ្ឋក្នុងមូលដ្ឋានទទួលបានសុខភាព ល្អ ចៀសវាងកើតជំងឺគ្រុនឈាម ។ ជាមួយគ្នានេះនៅក្នុងពិធីជួបជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់នាថ្ងៃដដែលឯកឧត្ដមពេញ ធារម្យ អភិបាល រងរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរសង្កាត់ និងអាជ្ញាធរភូមិទាំងអស់ សិក្សាស្វែងយល់ អំពីវិធានការការពារ និងបង្ការជំងឺ ក៏ដូចជាការលុបបំបាត់ជម្រកមូលខ្លា ជាពិសេសចូលរួមធ្វើការផ្សព្វផ្សាយបន្ត ជូនដល់ប្រជាពលរដ្ឋនៅតាមភូមិសង្កាត់របស់ខ្លួន៕ .
ដោយ សួស សំរិត





