CDC ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយទីភ្នាក់ងារ JICA
AKP ភ្នំពេញថ្ងៃទី២ ខែតុលា ឆ្នាំ ២០២៦– ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Yuho Hayakawa អនុប្រធានជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Yuho Hayakawa អនុប្រធានជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអភិវឌ្ឍប្រព័ន្ធឡូជីស្ទិក និងការទាក់ទាញការវិនិយោគផ្ទាល់ (FDI) ពីជប៉ុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈ (JICA) ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា លើគ្រប់វិស័យ។

ក្នុងជំនួបនាព្រឹកនេះ លោកអនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារ JICA បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាគ្រប់គម្រោងកិច្ចសហប្រតិបត្តិការទាំងអស់ទទួលបានលទ្ធផលយ៉ាងជោគជ័យ និងជាផ្លែផ្កា។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ ក.អ.ក ក្នុងការផ្តល់កិច្ចសម្រួល និងការគាំទ្រគ្រប់បែបយ៉ាងជូនដល់វិនិយោគិនជប៉ុនទាំងអស់ ក្នុងការស្វែងរក និងពង្រីកឱកាសធុរកិច្ចនៅកម្ពុជា៕
ដោយ៖ ចរិយា





