ធនាគារជាតិនៃកម្ពុជា ប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម ថាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា
AKP ភ្នំពេញថ្ងៃទី២ ខែតុលា ឆ្នាំ ២០២៦– ធនាគារជាតិនៃកម្ពុជា ប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់តាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។
យោងតាមសេចក្តីថ្លែងការណ៍ពីធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា នាពេលកន្លងមក មានការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់តាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។

ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់ជូន សាធារណជនថា ព័ត៌មានទាំងនេះមិនមានមូលដ្ឋានពិតប្រាកដ និងអាចបង្កឱ្យមានការយល់ច្រឡំ ព្រមទាំងអាចប៉ះពាល់ដល់ផលប្រយោជន៍របស់សាធារណជន អ្នកប្រើប្រាស់សេវាធនាគារ និង ទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូល។
ធនាគារជាតិនៃកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយ និងការបំភ្លៃ ព័ត៌មានមិនពិតដោយចេតនា ក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ច។ ធនាគារជាតិនៃកម្ពុជាសូម អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់ចំពោះបុគ្គលពាក់ព័ន្ធ។

អាស្រ័យហេតុនេះ សូមសាធារណជនជៀសវាងការផ្សព្វផ្សាយ ឬចែករំលែកបន្តនូវព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ និងគួរធ្វើការផ្ទៀងផ្ទាត់ព័ត៌មានតាមរយៈប្រភពផ្លូវការ ជាពិសេស ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ៕
ដោយ៖ ចរិយា





